ក្រុមភេរវកម្ម IS បានបើកការវាយបកទៅលើទីតាំងយោធាស៊ីរីនៅតំបន់ al Bukamal បណ្តាលឲ្យទាហានស៊ីរីជាង២០នាក់ស្លាប់។ ក្រុមភេរវកម្មបានបំផ្ទុះរថយន្តផ្ទុកដោយរំសែវផ្ទុះ ពេលវាយប្រហារ ។ ក្រៅពីនេះ នៅមានរថក្រោះមួយគ្រឿងនិងរថយន្តចម្បាំងក៏រងការបំផ្លាញ។
តាមប្រភពព័ត៌មានពីរដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា៖ បើទោះបីការវាយប្រហារ ពីក្រុម IS បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ក៏ដូចជាបំផ្លាញ ទ្រព្យសម្បត្តិ ជាច្រើន ប៉ុន្តែ ក្រុមនេះមិនអាច ដណ្តើមគ្រប់គ្រង ទីតាំងនោះឡើយដោយក្រោយការប៉ះទង្គិចគ្នា ក្រុម IS បានដកខ្លួនទៅវិញ។ កម្លាំងភេរវកម្ម IS នៅតែជាការគំរាមកំហែង ដល់កម្លាំងទាហានស៊ីរី និងកម្លាំងទាហានបរទេសនៅទីនោះ។
ការវាយប្រហារខាងលើ របស់ក្រុមភេរវកម្ម IS កើតឡើង ក្រោយពេលដែលស៊ីរី ធ្វើពីធីអបអរសាទរ និងដង្ហែរក្បួនព្យុះហយាត្រាយោធា ទ្រងទ្រាយធំ ដោយមានការចូលរួមពី ប្រធានាធិបតីរុស្ស៊ីលោកពូទីនផងដែរ។ នៅពេលនេះដែរកម្លាំងទាហានរុស្ស៊ី ក៏បានដកចេញពីស៊ីរី ទៅប្រទេសវិញ។
កម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសស៊ីរី បានដកចេញពីប្រទេសនេះ ក្នុងនោះមានទាំងយន្តហោះ ប្រកាសអាសន្ន Beriev A-50 AWACSនិងកម្លាំងទាហានជាច្រើន វិលត្រឡប់ទៅកាន់ប្រទេសវិញ ក្រោយពេលវាយប្រហារយកឈ្នះទៅលើក្រុមភេរវកម្ម IS នៅស៊ីរី។
កាលពីថ្ងៃទី១២ខែធ្នូយន្តហោះចម្បាំងនិងទាហានរុស្ស៊ីនៅស៊ីរីចាប់ផ្តើមវិលត្រឡប់ទៅប្រទេសវិញ តាមបញ្ចាររបស់ប្រធានាធិបតីពូទីន ។ ប្រធានាធិបតីរុស្ស៊ី បានទស្សនកិច្ចទៅកាន់ស៊ីរីដោយមិនមានការព្រៀងទុក ដើម្បីចូលរួមនៅក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាយោធា អបអរជ័យជំនៈទៅលើក្រុម IS ដណ្តើមទឹកដីមកគ្រប់គ្រងវិញ។
ប្រធានាធិបតីពូទីនបានជួបពិភាក្សាជាមួយសមភាគី Bashar Al Assad ហើយចូលរួមពិធីអបអរជ័យជំនៈលើក្រុមភេរវកម្ម ក្រោយរយៈពេលជាច្រើនឆ្នាំ ធ្វើសង្គ្រាម ក្រោយការជួយជ្រោមជ្រេង ពីកម្លាំងទាហានរុស្ស៊ី។ នៅទីនោះប្រធានាធិបតីរុស្ស៊ីបាន ប្រកាសថា នឹង ដកទាហានចេញពីប្រទេសស៊ីរី ផងដែរ។
រុស្ស៊ីបានចូលរួមវាយប្រហារក្រុមភេរវកម្មជួយដល់រដ្ឋាភិបាលស៊ីរីកាលពីឆ្នាំ២០១៥ ។ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានប្រកាសថា បានរំដោះទាំងស្រុង នៅតំបន់ដែលក្រុមភេរវកម្ម IS គ្រប់គ្រងនាពេលកន្លងមក។
លោកពូទីនបានបញ្ចាក់ថា«ខ្ញុំបានចេញបញ្ចាឲ្យរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ចាការកងទ័ពរុស្ស៊ីឡើងគម្រោងដកទាហានចេញពីទីតាំងនៅក្នុងប្រទេសស៊ីរី » ។លោកបន្តទៀតថាកម្លាំងទាហានរុស្ស៊ីបានជួយដល់ស៊ីរី យកឈ្នះទៅលើក្រុម IS ។
លោកពូទីនបញ្ចាក់ទៀតថា ប្រសិនបើ ក្រុមភេរវកម្ម IS ងើបក្បាលម្តងទៀតនោះនឹងត្រូវបំផ្លាញទាំងស្រុង។ លោកពូទីនបានអរគុណដល់ កម្លាំងទាហាន រុស្ស៊ី ដែលមានភាពក្លាហានធ្វើសង្គ្រាម វាយប្រហារក្រុមភេរកវម្ម៕
ដោយ៖ មែវ សាធី