ខេត្តកណ្តាល ៖ រថយន្ដធុនធំដឹកខ្សាច់មួយគ្រឿងបើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកថយន្ដធុនតូចមួយគ្រឿងទៀតនៅខាង រួចបន្ដទៅបុកម៉ូតូមួយគ្រឿងឈប់លើចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្ដ២គ្រឿងនិងម៉ូតូមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្ដបង្កម៉ាកនីសាន់ ធុនធំ ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1A-0315 បើកបរដោយឈ្មោះ សំណាង សែស ហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល រីឯភាគីរថយន្ដម្ខាងទៀតម៉ាកសាំយ៉ុង ធុនតូច ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ25 2-0617 បើកបរដោយឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុន ស្នាក់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ចំណែកឯម៉ូតូដែលត្រូវរថយន្ដបុកបន្ដនោះម៉ាកស៊ុយហ្ស៊ូគីលែត ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ស ជាកម្មសិទិ្ធរបស់ឈ្មោះ ឆាង សុភក្ដី ភេទប្រុស អាយុ៣១ឆ្នាំ ។ ក្នុងហេតុការណ៍នេះផងដែរ គឺពុំបណ្ដាលឲ្យមាននរណាម្នាក់រងរបួសអ្វីឡើយ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កបើកដឹកខ្សាច់លើកំណាត់ផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុរថយន្ដបង្កក៏ឈប់មិនទាន់ជាន់ហ្វ្រាំមិនជាប់បានជ្រុលទៅបុកគូថរថយន្ដម៉ាកសាំយ៉ុង ពាក់ស្លាកលេខ រដ្ឋ25 2-0617 ពេញមួយទំហឹង ភ្លាមនោះផងដែរ រថយន្ដម៉ាកសាំយ៉ុងក៏ជ្រុលទៅមុខបុកម៉ូតូដែលចតនៅខាងមុខបន្ដទៀត បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងនិងម៉ូតូ១គ្រឿងខូចខាតយ៉ាងដំណំតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកបានចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង៣គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគឺបង្កឡើងដោយអ្នកបើកបររថយន្តធំបើកក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានរឿងហេតុនេះកើតឡើង ៕ ស្អាងជ័យ