ភ្នំពេញ ៖ ប្រជាពលរដ្ឋ ប្រមាណ២០គ្រួសារ តំណាងឲ្យ ប្រជាពលរដ្ឋ ចំនួន៤៩គ្រួសារ ដែលបានទិញផ្ទះ ពីបុរីមហា សេដ្ឋី បានផ្ទុះការតវ៉ា ជាថ្មី ដើម្បីទាមទារ អោយ សម្តេច អគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ទេសរដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តី ក្រសួង រៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ មេត្តាជួយអន្តរាគមន៍ដើម្បីអោយពួកគាត់បានប័ណ្ណកម្មសិទ្ធិបន្ទាប់ពីពួកគាត់ទិញផ្ទះក្នុងបុរីនេះរយៈជាង៥ឆ្នាំបងប្រាក់គ្រប់ហើយក្រុមហ៊ុនបានធ្វើតាមការសន្យា ។
ហេតុការណ៍ការតវ៉ាបានផ្ទុះឡើងកាលពីវេលាម៉ោង ១១និង៣០ថ្ងៃត្រង់ទី ១៤ខែធ្នូ ឆ្នាំ ២០១៧ ដោយពួកគាត់នាំគ្នា ជួបប្រមូលផ្តុំគ្នា នៅក្នុងបុរី ដោយបានបង្ហាញ កិច្ចសន្យា និង លិខិត បង់ប្រាក់គ្រប់ចំនួន ហើយ បែរជាថៅកែ បុរីមហា សេដ្ឋី មិនបានកាត់ឈ្មោះបំបែកប្លង់ ផួនពួកគាត់ទៅតាមកិច្ចសន្យា ឡើយ។
ការប្រមូលផ្តុំតវ៉ានេះបានផ្ទុះឡើងជាបន្តបន្ទាប់ បន្ទាប់ពី ពួកគាត់ បានទិញផ្ទះ ពីបុរីនោះ អស់រយះពេលប្រមាណជាង៤ឆ្នាំមកហើយ និងបានបង់ប្រាក់គ្រប់ចំនួន បែរជាថៅកែបុរី ចេះតែសន្យាខ្យល់រហូត។ទន្ទឹមនោះប្រជាពលរដ្ឋ ចោទប្រកាន់ថា ថៅកែបុរីមហាសេដ្ឋីឈ្មោះ ណេប សុវណ្ណារិទ្ធិបោកប្រាស់ ។
តាមប្រជាពលរដ្ឋដែលតវ៉ាបានឲ្យដឹងថា ពួកគាត់ ចំនួន ៤៩គ្រួសារ បានមកទិញ ផ្ទះ បុរីមហាសេដ្ឋីនេះ តាំងពីឆ្នាំ ២០១២ និងខ្លះឆ្នាំ ២០១៤ក្នុងតម្លៃពី១៣ម៉ឺនដុល្លារទៅ១៧ម៉ឺនដុល្លារ ដោយធ្វើកិច្ចសន្យាទិញលក់ ហើយ បង់ប្រាក់ជាដំណាក់ៗដោយរយះពេលសាងសង់ ១២ខែ គិតចាប់ពីថ្ងៃធ្វើកិច្ចសន្យានិងត្រូវ រួចរាល់ជាស្ថាពរ នៅថ្ងៃទី ២០ខែឧសភា ឆ្នាំ ២០១៥ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា នៅពេលទិញ ថៅកែបុរីឈ្មោះណេប សុវណ្ណារិទ្ធិ បានធ្វើកិច្ចសន្យា ថា ក្រុមហ៊ុន នឹងប្រគល់ប្លង់ កម្មសិទ្ធិ ទៅឲ្យ អ្នកទិញ បន្ទាប់ពីគម្រោងសាងសង់បុរីត្រូវបានបញ្ចប់១០០ភាគរយមិនឲ្យលើសរយះពេល ៤៥ថ្ងៃឡើយ តែពេលនោះរយះពេល ៤ឆ្នាំ មកហើយ ក្រុមហ៊ុន ចេះតែសន្យាចោល ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា បន្ទាប់ពីចាំបាត់ៗ ហើយ ក្រុមហ៊ុន ចេះតែសន្យា ថ្ងៃ នេះថ្ងៃនោះ ពួកគាត់ ក៍បានជួបប្រមូលផ្តុំគ្នាតវ៉ាជាច្រើនលើកមកហើយដើម្បីទាមទារអោយថៅកែធ្វើប័ណ្ណកម្មសិទ្ធិជួនពួកគាត់ងាយស្រួលពួកគាត់យកប្លង់ទៅដាក់បញ្ចាំ និងកាត់ឈ្មោះ ចែកអោយកូនចៅ ។ទន្ទឹមនោះ ថៅកែបុរី ឈ្មោះ ណេប សុវណ្ណារិទ្ធិក៍បានសន្យានៅសាលាសង្កាត់ឬស្សីកែវ តែសន្យាខ្យល់។តាមកិច្ចសន្យា ប្រគល់ ប័ណ្ណកម្មសិទ្ធិ របស់ បុរីមហាសេដ្ឋី បានឲ្យដឹងថា ខ្ញុំឈ្មោះ ណេប សុវណ្ណារិទ្ធិ ជាម្ចាស់បុរី មហាសេដ្ឋីសូមសន្យា ដល់ បងប្អូនជាអតិថិជនដែលបានទិញដីនិងផ្ទះ ហើយបានបង់ប្រាក់គ្រប់ចំនួន១០០ភាគរយនិងពុំមានពាក់ព័ន្ធការខ្ចីប្រាក់ ក្រុមហ៊ុន សូមមេត្តា អញ្ចើញមកទទួលប័ណ្ណ កម្មសិទ្ធិ(ប្លង់រឹង)នៅថ្ងៃទី០៩ខែមករា ឆ្នាំ ២០១៧ កុំបីខាន ។ នៅក្នុងលិខិតនោះ ក៍បានបញ្ចាក់ថា បើដល់ថ្ងៃកំណត់ ខាងលើខ្ញុំបាទជាម្ចាស់បុរី មហាសេដ្ឋី មិនបានប្រគល់ជួនប័ណ្ណកម្មសិទ្ធិដល់បងប្អូនអតិថិជនតាមកំណត់នោះទេខ្ញុំបាទនឹងទទួលខុសត្រូវចំពោះមុខច្បាប់។បន្ទាប់ពីធ្វើកិច្ចសន្យា ដល់កំណត់ហើយម្ចាស់បុរីមិនបានគោរពតាមកិច្ចសន្យាឡើយ ។
តាមប្រជាពលរដ្ឋ ក៍បានអោយដឹងទៀតថា នៅពេលសន្យាបាត់ៗ ពួកគាត់ក៍បាននាំគ្នា ផ្តិតមេដៃប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញនិងធ្វើពាក្យស្នើសុំអន្តរាគមន៍ទៅលោកទេសរដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តី ក្រសួង រៀបចំដែនដី នគររូបនីយ៍កម្មនិងសំណង់ឲ្យជួយអន្តរាគមន៍តែបាត់ដំណឹងរហូត ។
ប្រជាពលរដ្ឋដែលតវ៉ា ក៍បានសំណូមពរ ដល់ សាលាដំបូងរាជធានីភ្នំពេញមេត្តាជួយរកយុត្តិធម៌ ដល់ពូកគាត់ផង ជាពិសេស សូម សម្តេច អគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា មេត្តា ជួយអន្តរាគមន៍ ដើម្បីឲ្យពួកគាត់ បានប័ណ្ណកម្មសិទ្ធិ ដោយ ស្របច្បាប់ ។
ទាក់ទិនការចោទប្រកាន់នេះ អ្នកព័ត៌មានយើង បានទាក់ទង បំភ្លឺ ពីតំណាងក្រុមហ៊ុន តែត្រូវបានលោកស្រី ជាតំណាងឲ្យដឹងថា ជាប់រវល់ ៕ អរុណរះ