ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅ នឹងកន្លែង រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា អ្នកលឿង-ភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ត្រង់ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៦ និង១០នាទីនាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ទ្រុង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកម៉ូតូម៉ាកCBR ពណ៌ក្រហម ស្លាកភ្នំពេញ 1CC.5080 បានស្លាប់នៅនឹងកន្លែង ។
ប្រភពពីសាក្សីបានឲ្យដឹងថា នៅចំណុចផ្លូវនិងម៉ោងកើតហេតុខាងលើ មានរថយន្តមិន ស្គាល់ម៉ាក បើកបរស្របទិសដៅគ្នាអ្នកលឿង-ភ្នំពេញ ។ លុះបើកមកដល់ចំណុចកើត ហេតុរថយន្តបានបុកម៉ូតូ ខណៈបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេងដៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង បន្ទាប់ពីកើតហេតុភ្លាមរថយន្តបានបើកគេចទៅភ្នំពេញបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងតាមនីតិវិធី ។ ក្នុងនោះ ជំនាញបានសន្និដ្ឋានថា ករណីនេះកើតឡើងដោយសារអ្នកបើកបរម៉ូតូបត់ឆ្លងផ្លូវ មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកបត់ឆ្លងកាត់ថ្នល់ ។ ចំណែកសពជនរងគ្រោះ បានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ