ខេត្តត្បូងឃ្មុំ ៖ ពិតជារពឹសដៃមែន!! ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកមេមត់ចាត់ការតាមនីតិវិធី គ្រាដែលជននេះត្រៀមឧបករណ៍មួយកំប្លេចូលគាស់បង្អួចលួចសម្ភារៈតែមិនបានសម្រេច ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះចាំចំការរបស់ឈ្មោះ មាស ប៊ុនណា ហៅ ផេង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅស្ពានចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលទន្លូងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ ធា អាយុ៣៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិគគីរ ឃុំល្ងៀង ស្រុក-ខេត្តត្បូង ស្នាក់នៅបណ្តោះអាសន្ននៅភូមិខ្សឹម ឃុំខ្សឹម ស្រុកស្នូល ខេត្តក្រចេះ មានមុខរបរមិនពិតប្រាកដ ។
ម្ចាស់ផ្ទះបានរៀបរាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចចូល ក្នុងផ្ទះគាស់បង្អួច ខណៈនោះគាត់ឃើញទាន់ រួចស្រែកឆោរឡោផ្អើអ្នកជិតខាងជាច្រើននាក់ ជួយដេញចាប់ប្រផាប់ប្រភីងរហូតដល់ចាប់ខ្លួនបានរួចវាយម្នាក់ៗមួយដៃប៉ោងផ្ទៃមុខខាងឆ្វេង រួចប្រគល់មកឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទន្លូងចាត់ការតាមច្បាប់ ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចឆែកឆេរឃើញក្នុងការបូបស្ពាយចំហៀងតូចមួយមាន សោរអក្សរ T ចំនូន១ , ដង្កាប់១ , ផ្លែទោលវិសចំនួន១ និងទូរស័ព្ទមិត្តហ្វូនចំនួន១ គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងទៅឲ្យតុលាការខេត្តត្បូងឃ្មុំ កាត់ទោសតាមច្បាប់ ៕ វណ្ណៈ