ភ្នំពេញ៖បន្ទាប់ពីជាតារាសម្តែងស្រីក្រម៉ិចក្រម៉ឺម ម៉ៅ គឹមធីតាក៏ជាតារាស្រីដែលពូកែកំប្លុកកំប្លែងធ្វើឲ្យមិត្តរួមអាជីព និងអ្នកគាំទ្រសើចក្អាកក្អាយដែរ។ នាងនឹងសម្តែងជាតួអង្គត្រូវនឹងអត្តចរិកខាងក្រៅជាមួយនឹងនាយគ្រឿន ក្នុងរឿងថ្មី”ផ្ទះចុងភូមិ” ដែលបានក្រុងពាលីចេញថតកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧។
ចាប់ផ្តើមពីប្រឡូកក្នុងអាជីពសិល្បៈត្រឹមរយៈពេលខ្លី តារាសម្តែងស្រីសម្តីផ្អែមកញ្ញា ម៉ៅ គឹមទីតា ស្រាប់តែចាប់បានតំណែងជាតួឯកស្រីលើកដំបូងក្នុងភាពយន្តបែងកំប្លែងភ័យរន្ធត់ថ្មីរបស់ផលិតកម្មមហាហង្សគឺរឿង”ផ្ទះចុងភូមិ”។ ភាពយន្តក្នុងតំណែងតួឯកលើកដំបូងនេះដែរនាងនឹងត្រូវជួបជាមួយតារាកំប្លែង នាយគ្រឿន ជាមួយនឹងឈុតឆាកផ្ទុះសំណើចជាច្រើន។
ម៉ៅ គឹមធីតាបានបញ្ជាក់ថា ជាលើកដំបូងដែលនាងសម្តែងក្នុងភាពយន្តបែបភ័យរន្ធត់ ប៉ុន្តែនាងមានជំនឿចិត្តនឹងសាច់រឿងដែលតម្រូវឲ្យដើរតួជានារីមានអត្តិចរិកលេងសើចឡិឡក់ច្រើនដូចគ្នាទៅនឹងចរិកនៅក្រៅសាច់រឿង។ តារាស្រីរូបនេះលើកឡើងដែរថា នាងខ្លាចខ្មោចដែរប៉ុន្តែការចេញថតមិនមានអីត្រូវខ្លាចទេព្រោះមានក្រុមការងារច្រើនចូលរួម។ នាងបញ្ជាក់ដែរថា ការជួបនាយគ្រឿនសម្តែងរួមគ្នានេះគឺជាលើកទី២ប៉ុន្តែការជួបជុំផ្សេងៗគឺមានជាហូរហែរ។ តារាស្រីថ្ពាល់ខួចញញឹមស្រស់រូបនេះ បានដាក់ក្តីរំពឹងខ្ពស់ចំពោះការចេញថតភាពយន្តខ្នាតធំបែបកំប្លែងនិងភ័យរន្ធត់នេះ ថានឹងទទួលបានការគាំទ្រច្រើនព្រោះតែសាច់រឿង និងតារាសម្តែងដែលមានសមត្ថភាពខ្ពស់ និងផលិតករដែលទើបនឹងទទួលបានពានដឹកនាំឆ្នើមប្រចាំឆ្នាំ២០១៧។
អគ្គនាយកផលិតកម្មមហាហង្សលោក អ៊ិន សុភិន វិញបានលើកឡើងថាភាពយន្តនេះនឹងចាយដើមទុនផលិតចម្លោះពី៤ទៅ៥ម៉ឺនដុល្លារអាមេរិក និងជាភាពយន្តសម្រាប់ចាក់បញ្ចាំងនៅរោងភាពយន្តក្នុងស្រុកនៅដើមឆ្នាំ២០១៨។ លោកថាជាភាពយន្តដែលសម្រិតសម្រាំងបន្ថែមដើម្បីបង្កើនគុណភាពក្នុងការប្រកួតប្រជែងលើទីផ្សារភាពយន្ត និងសាច់រឿងតម្រូវសម្រាប់ទស្សនិកជនបច្ចុប្បន្ន។ លោកបញ្ជាក់ដែរថា ក្រៅពីសាច់រឿង និងជ្រើសរើសតារាសម្តែងល្បីឈ្មោះផលិតកម្មក៏នឹងបង្កើនក្រុមការងារបច្ចេកទេសដែលជំនាញៗដើម្បីឲ្យគុណភាពភាពយន្តនេះកាន់តែប្រសើរជាងមុន និងធានថាមិនធ្វើឲ្យទស្សនិកជនខកបំណងពេលចូលទស្សនា ។ លោកបញ្ជាក់ដែរថា ក្រៅពីម៉ៅ គឹមធីតានិងនាយគ្រឿនភាពយន្តនេះមានតារាសម្តែងសាកសម និងដៃគូសមឥតខ្ចោះក្នុងការសម្តែងជាមួយនាយគ្រឿនម្នាក់ទៀតគឺលោក ជា សុវណ្ណនរាហ៍ និងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបផងដែរ៕
ដោយ៖ វឌ្ឍនា