ខេត្តកំពង់ស្ពឺ ៖ បុរសគ្មានការងារធ្វើម្នាក់ ខឹងប្រពន្ឋនិយាយរអ៊ូរដដែលៗពេក ស្ទុះបោកសម្ភារៈក្នុងផ្ទះ និងដុតបំផ្លាញផ្ទះចោល តែឆេះខូចខាតបន្តិចបន្តួច ត្រូវប្រជាពលរដ្ឋជួយពន្លត់ទាន់ រួចរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចចុះឃាត់ខ្លួននាំទៅ ចាត់ការតាមច្បាប់ កាលពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។
ប្តីកម្ជិល បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខាងលើឈ្មោះ ឌី សុខលីម ហៅព្រីង អាយុ ២៩ឆ្នាំ រស់នៅត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រពន្ឋ ឈ្មោះប្រុស ស្រីឡែន អាយុ២៧ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យជាមនុស្សអត់ការងារធ្វើ រស់ដោយសារតែប្រពន្ឋរកស៊ីចិញ្ចឹម មានចរិតឆេវឆាវ តែងខឹងប្រពន្ធ។ លុះដល់ថ្ងៃ កើតហេតុ ប្រពន្ឋចូលដល់ផ្ទះវិញរអ៊ូរខ្លះៗ ស្រាប់តែប្តីចិត្តភ្លើង ខឹងច្រឡោតតូង ទាញបោកទូរទស្សន៍ និងដុតបំផ្លាញសម្លៀកបំពាក់ក្នុងផ្ទះ បណ្តាលឲ្យឆេះរាលដល់ ជញ្ជាំងផ្ទះ១ប្រឡោះ ។
តាមការរៀបរាប់ពីប្រពន្ធបានឲ្យដឹងថា ដោយទ្រាំនឹងទង្វើប្តីកម្ជិលទៀតលែងបាន ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចអធិការដ្ឋានស្រុកសំរោងទងជួយ អន្តរាគមន៍កនាំខ្លួនប្តីកម្ជិលអត់រកការងារធ្វើចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ