ទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី Laurence Auer ប្រធាននាយកដ្ឋានវប្បធម៌ នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

ចែករំលែក៖

លោកស្រី ឡូរ៉ង់ អូវែ (Laurence Auer) ប្រធាននាយកដ្ឋានវប្បធម៌ សិក្សា ស្រាវជ្រាវ និងបណ្តាញ នៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង បានអញ្ជើញមកប្រទេសកម្ពុជាពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុង​កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ​សាស្រ្តអង្គរ (ICC-Angkor) និងពិធីអបអរខួប២៥ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ក្នុងដំណើរទស្សកិច្ចនេះ លោកស្រីបានអញ្ជើញទៅទស្សនាការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែល​ទទួលបានការឧបត្ថម្ភពីប្រទេសបារាំងក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា។ ការដ្ឋានខាងលើក៏ជាកន្លែង​បណ្តុះបណ្តាលមន្ត្រីជំនាញកម្ពុជាពាក់ព័ន្ធការអភិរក្ស និងការជួសជុលប្រាសាទផងដែរ។

លោកស្រីបានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានជួបសម្តែងការគួរសមជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​​ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្រៅពីនេះ លោកស្រីបានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែល​បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំងអស់រយៈពេល២៥ឆ្នាំមកហើយតាមរយៈគម្រោងជាច្រើន​ ។ ជាងនេះទៅទៀត លោកស្រីបានជួបជាមួយតំណាងស្ថាប័នសាកលវិទ្យាល័យ និងវិទ្យាសាស្រ្តនានា រួមទាំងអតីតនិស្សិត ដែលបានសិក្សាថ្នាក់ភាសាបារាំងនៅតាមសាកលវិទ្យាល័យ ឬធ្លាប់បានបន្តការសិក្សាថ្នាក់ឧត្តមនៅ បារាំង។ លោកស្រីក៏បានជួបផងដែរជាមួយដៃគូនៃកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយប្រទេសបារាំង ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានគូសបញ្ជាក់សារជាថ្មីពីការយកចិត្តទុកដាក់របស់ប្រទេសបារាំងក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានៅក្នុងវិស័យ​​អប់រំ វិទ្យាសាស្រ្ត សាកលវិទ្យាល័យ ការស្រាវជ្រាវ សុខាភិបាល វប្បធម៌ និងបេតិកភណ្ឌ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print