ចាប់ក្មេងទំនើងម្នាក់ខណៈជិះម៉ូតូដេញវាយយុវជនម្នាក់រងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកលើកដែកធ្វើការចាប់ខ្លួន ក្រោយ​ពីធ្វើសកម្មភាពជិះម៉ូតូឌុបគ្នា រួចទាញខ្សែក្រវាត់វាយទៅលើយុវជនម្នាក់កំពុងជិះម៉ូតូ បណ្ដាលឲ្យទទួលរងរបួសយ៉ាងដំណំ ។ ករណីនេះហិង្សាដោយចេតនាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពុងភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

មន្រ្តីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ឡាយ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ មុខរបរលាងរថយន្ត រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ធា គីម ភេទប្រុស មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។ ចំណែកជនរងគ្រោះឈ្មោះ លី ផានុ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ វត្ថុតាងដកហូតបានមានខ្សែក្រវ៉ាត់ជ័រ ពណ៌ខ្មៅ ក្បាលដែក ម៉ាកBen2ចំនួន១ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ លី ផានុ បានជិះម៉ូតូម្នាក់ឯងចេញពីសាលារៀនកំពង់ភ្នំ សំដៅផ្ទះនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ លុះជិះមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្រាប់តែជនសង្ស័យទាំង​២នាក់ ឈ្មោះ ឡាយ ភក្តី និងឈ្មោះ ធា គីម បានជិះម៉ូតូដេញតាមជនរងគ្រោះពីក្រោយ ខណៈជិះមកជិតក៏ទាញខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះឈ្មោះ ផានុ ដោយពុំដឹងមូលហេតុ បណ្ដាលឲ្យចំប្រទូលក្បាលរងរបួសយ៉ាងដំណំ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឡាយ ភក្តី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ រីឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនចាត់ការបន្ត ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print