មហោស្រពម្ហូបកូរ៉េអបអរខួបទី២០នៃទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា-កូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាបានរៀបចំបង្កើតឲ្យមានព្រឹត្តិការណ៍មហោស្រពម្ហូបកូរ៉េដើម្បីរំលឹកដល់ខួបទី២០នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។ កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៨ខែធ្នូនេះនៅសណ្ឋាគារIntercontinental ក្រោមវត្តមានមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរ មន្ត្រីស្ថានទូតនានាជាច្រើនចូលរួម។
លោក ហាំ ចងហាន់(Hahm Jeong Han)ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានថ្លែងថា កន្លងមកថ្មីៗនេះស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាធ្លាប់បានរៀបចំឲ្យមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដើម្បីអបអរខួបទំនងការទូតឡើងនៃប្រទេសទាំងពីរដូចជាមហោស្រពភាពយន្ត ការសម្តែងសិល្បៈ ការប្រកួតកីឡាជាច្រើនហើយកម្មវិធីមហោស្រពម្ហូបអាហារនៅពេលនេះគឺជាកម្មវិធីចុងក្រោយសម្រាប់ឆ្នាំនេះ។ លោកថា អាហារគឺរបស់សំខាន់បំផុតសម្រាប់ជីវិតរស់នៅ ហើយវាក៏បានផ្លាស់ប្តូរវប្បធម៌មួយផងដែរ។លោក ហាំ ចងហាន់បន្តថា នៅពេលនេះទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងរីកលូតលាស់ក្លាយទៅជាទំនាក់ទំនងចាស់ទុំ និងជាដៃគូពេញលេញ ហើយក៏មានឥទ្ធិពលទៅលើជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ លោកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៧មក ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនទាំងពីរបានកើនឡើងចំនួន២៤០ដង ខណៈដែលបរិមាណពាណិជ្ជកម្មទ្វេភាគីបានកើនឡើង១៥ដង ហើយក្រុមហ៊ុនដែលមកបណ្តាក់ទុននៅកម្ពុជាក៏មានការកើនឡើងខ្ពស់ផងដែរ។ អ្វីដែលជាការកត់សម្គាល់គឺជើងហោះហើរត្រង់មកកម្ពុជាចំនួន១៨ជើងហោះហើរក្នុងមួយសប្តាហ៍ ហើយភ្ញៀវទេសចរណ៍កូរ៉េមកទស្សនាកម្ពុជា៤០ម៉ឺននាក់បាននិងកំពុងធ្វើដំណើរមកកាន់កម្ពុជាដើម្បីទស្សនាប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះមានក្រុមហ៊ុនកូរ៉េប្រមាណជាង១ពាន់ក្រុមហ៊ុនបានចូលរួមចំណែកបង្កើតការងារនិងបង្កើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ លោកបញ្ជាក់ថាប្រជាជនកម្ពុជាប្រមាណជាង៥ម៉ឺននាក់កំពុងធ្វើពលករនៅប្រទេសកូរ៉េ។
ជុំវិញការទទួលទានអាហារវិញ លោក លោក ហាំ ចងហាន់បានលើកឡើងថាប្រជាជន កម្ពុជា និងកូរ៉េ បានទទួលទានអាហារដូចគ្នាដែលធ្វើពីអង្ករនិងបង្អែមធ្វើពីម្សៅអង្ករដូចគ្នា ហើយអ្វីដែលពិសេសគឺភាពស្រដៀងគ្នានៃការធ្វើម្ហូបខ្មែរប្រប្រាស់ប្រហុកច្រើនដូចគ្នានឹងម្ហូបកូរ៉េប្រប្រាស់គីនឈីច្រើន។ លោកសង្ឃឹមដែរថា មហោស្របម្ហូបអាហារនៅពេលនេះនឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ដូចពាក្យពោលថាគ្មានអាហារគឺគ្មានកម្លាំង គ្មានកម្លាំងគឺគ្មានប្រាជ្ញា៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print