ភាពតានតឹងរវាង សាឌីអារ៉ាប៊ីនិងអីរ៉ង់ បន្តកើនឡើង ក្រោយពេលកម្លាំង ហូធីនៅប្រទេសយេម៉ែន បានបាញ់មីស៊ីលទៅកាន់ទីក្រុង Riyadh ប្រទេសសាឌីអារ៉ាប៊ី។ ប៉ុន្តែការបាញ់នោះត្រូវបាន រារាំងដោយជោគជ័យពីមីស៊ីលការពាររបស់សាឌីអារ៉ាប៊ី។
ពលរដ្ឋនៅទីក្រុង រីយ៉ាត មានការបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពវាយប្រហារ ខាងលើ ។ ប្រសិនបើ ប្រព័ន្ធការពារមិនអាចរារាំងបាននោះនឹងមានអ្នកស្លាប់ របួសជាច្រើន។
ក្រោយការបាញ់មីស៊ីលថ្មីបំផុតទៅលើសាឌីអារ៉ាប៊ី មានឃ្លីបវីដីអូជាច្រើនស្តីពីសកម្មភាពបាញ់ប្រហារបង្ហោះតាមបណ្តាញសង្គម បង្ករឲ្យមានការប្រឈមមុខដាក់គ្នារវាង សាឌីអារ៉ាប៊ីនិងអីរ៉ង់សាជាថ្មី។
សាឌីអារ៉ាបីនិងអីរ៉ង់ ជាប្រទេស ដែលគាំទ្រ ក្រុមផ្សេងគ្នានៅក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន។ ការវាយប្រហារតាមដែនអាកាសរបស់សម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌិត ធ្វើឲ្យពលរដ្ឋ រាប់ពាន់នាក់ស្លាប់ ប៉ុន្តែមិនអាចកម្ចាត់ក្រុមហ៊ូធីបានឡើយដោយសារតែមានការគាំទ្រពីប្រទេសអីរ៉ង់ ។
ក្រុមហូធីបានបាញ់មីស៊ីលជាច្រើនលើកទៅកាន់ប្រទេសសាឌីអារ៉ាប៊ី ដោយយកមូលហេតុសងសឹកដល់ការវាយប្រហារតាមយន្តហោះទៅលើ កម្លាំងទាហានរបស់ខ្លួន។
កម្លាំង ហូធីដែលគ្រប់គ្រងរដ្ឋធានីរបស់យេម៉េនបានប្រកាសថា នឹងប្រើប្រាស់មីស៊ីល ចាស់ដែលមាននៅក្នុងឃ្លាំងរបស់ខ្លួន ។
នៅក្នុងសង្គ្រាមវាយប្រហារ នាពេលថ្មីៗនេះរបស់ក្រុម ហូធី គឺចំគោលដៅបានយ៉ាងល្អ ធ្វើឲ្យមានការសង្ស័យថា អីរ៉ង់ជាអ្នកជួយពីក្រោយដោយផ្ទាល់នៅក្នុងសកម្មភាពវាយប្រហារខាងលើ។ ប៉ុន្តែអីរ៉ង់បានច្រានចោលជាបន្តបន្ទាប់នៅការចោទប្រកាន់ថា ខ្លួនផ្តល់អាវុធទៅឲ្យក្រុមហូធី។ ជាមួយគ្នានេះសារព័ត៌មាន Sky News បានផ្សាយថា កម្លាំង ក្រុមឧទ្ទាម ហេបូឡាស បានផ្តល់អាវុធ និង ជួយផ្តល់បច្ចេកវិទ្យា ក្នុងការបាញ់មីស៊ីលឲ្យបានចាំគោលដៅ។
ហេបូឡាសជាក្រុមឧទ្ទាមអិស្លាម ស៊ីអិត នៅលីបង់ និងជាសម្ព័ន្ធមិត្តដ៏ជិតស្និតជាមួយអីរ៉ង់ បានបញ្ជូនទីប្រក្សាយោធា ជាច្រើនទៅកាន់យេម៉ែនជួយដល់ក្រុមហូធី ប្រឆាំងនិងសាឌីអារ៉ាប៊ី។ ក្រុមហេបូឡាស អាចជួយអភិវឌ្ឍន៍មីស៊ីល របស់ក្រមហូធី ដោយសម្ភារៈមីស៊ីលនាំចូលពីប្រទេសអីរ៉ង់។
ការវាយប្រហារនៅក្នុងប្រទេសយេម៉ែន បានធ្វើឲ្យស្ត្រីនិងកុមាររងផលប៉ះពាល់ យ៉ាងខ្លាំង ។ កន្លងមក ស្ត្រី៨នាក់ និងកុមារ២នាក់ មកពីគ្រួសារយេម៉ែនតែមួយ បានស្លាប់ នៅពេលដែលកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បើកការវាយប្រហារតាមអាកាសមួយ ចំកន្លែងរៀបពិធីអាពាហ៍ពិពាហ៍ នៅប្រទេសយេម៉ែន។
ចំណែកមន្ត្រីនាំពាក្យឲ្យកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលបានបដិសេធថា មិនមានការវាយប្រហារលើជនស៊ីវិល និងនិយាយថា រាល់របាយការណ៍ អំពីការវាយប្រហារទាំងអស់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត មិនបានផ្តល់ការឆ្លើយតបណាមួយ ចំពោះអ៊ីម៉ែលស្នើសុំ សេចក្តីអត្ថាធិប្បាយនោះទេ ។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង៦ម៉ឺននាក់ បានស្លាប់បង់ជីវិត ឬក៏រងរបួស នៅក្នុងសង្គ្រាមយេម៉ែន ដែលធ្វើឲ្យមនុស្សជាង២លាននាក់ បោះបង់ចោលផ្ទះសម្បែង និងបង្កឲ្យមានជម្ងឺអាសន្នរោគ ឆ្លងមនុស្សជាង១លាននាក់ ៕
ដោយ៖ មែវ សាធី