ភ្នំពេញ ៖ មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការបណ្តឹងព្រហ្មទណ្ឌ ដែលសហជីពធំៗចំនួន១២០ បានប្តឹងលោកជា មុនី អតីតប្រធានសហភាពសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និង បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។
តាមរយៈបណ្តឹងនេះក្រុមសហជីពធំៗបានស្នើឱ្យតុលាការ ផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធករណីនេះ លោក ដារ៉ា សុបញ្ញា មេធាវីតំណាងដោយអាណត្តិរបស់សហជីព ថ្លែងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នេះថា បច្ចុប្បន្នសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការរបស់លោក សៀង សុខព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយពុំទាន់កោះអញ្ជើញដើមបណ្តឹងចូលបំភ្លឺនៅឡើយទេ ។
ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើ សហភាព អឺរ៉ុប ដាក់ ទណ្ឌកម្មនេះរាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាក មករកផ្លូវចរចាបញ្ចប់វិបត្តិនយោបាយជាមួយ គណបក្សប្រឆាំង។
ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍ អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់និងបាត់បង់ការងារធ្វើ ។ ក្នុងនោះផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ ៕ ចេស្តា
...