ក្រុងប៉ោយប៉ែត ៖ មន្ត្រីជលផលក្រុងប៉ោយប៉ែតបើគ្មានវិធានការតឹងរឹងទៅលើក្រុមអាជីវករដែលដឹកត្រីពីតាមបណ្ដាខេត្តផ្សេៗទៅលក់នៅលើទីផ្សារប្រទេសថៃ គ្មានការវេចខ្ចប់ឧ្យបានត្រឹមត្រូវទេ អាជ្ញាធរក្រុងប៉ោយប៉ែតនឹងចាត់វិធានការក្តៅ នេះតាមការលើកឡើងរបស់លោកអភិបាលក្រុងប៉ោយប៉ែតសាន ស៊ានហូបន្ទាប់ពីលោកបើកកិច្ចប្រជុំមួយស្ដីអំពីបញ្ហាបរិស្ថានកាលពីព្រឹក ថ្ងៃ៤កើតខែបុស្សឆ្នាំរកានព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៧ នៅសាលាក្រុងប៉ោយប៉ែតហើយនៅក្នុងកិច្ចប្រជុំនោះមានមន្ត្រីគ្រប់ស្ថាប័នរួមទាំងក្រុមឈ្មួញរកស៊ីត្រីផងដែរ។
លោកអភិបាលក្រុងបញ្ជាក់ថាក្រុមអាជីវកនាំត្រីចេញពីកម្ពុជាទៅប្រទេសថៃត្រូវបញ្ឈប់ការផ្ទេរត្រីនៅលើដីចំណីផ្លូវជាតិលេខ៥ និងបង្ហូរទឹកនៅលើស្ពានមិត្តភាពកម្ពុជា-ថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវរកទីតាំងណាមួយឲ្យបានសមរម្យមិនត្រូវ យកដីចំណីផ្លូវធ្វើអាជីវកម្មជាកន្លែងទីតាំងផ្ទេរត្រីទេ ។ មិនតែប៉ុណ្ណោះត្រូវវេចខ្ចប់ត្រីឲ្យបានត្រឹមត្រូវកុំធ្វើឲ្យស្រក់ទឹកតាមផ្លូវជាតិមានក្លិន ស្អុយ ឆ្អេះឆ្អាប ប៉ះពាល់ដល់សុខភាពពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ នៅតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតទៅទៀត ។ ចំពោះបញ្ហារទេះដឹកត្រី ហាមដាច់ខាត ឈប់ចតបង្ហូរទឹកនៅលើស្ពានមិត្តភាពកម្ពុជា.ថៃ ។
លោកបន្ថែមបញ្ហានេះថាមន្ត្រីជលផលត្រូវធ្វើការណែនាំដល់អាជីវករដែលជាម្ចាស់ត្រីនិងកម្មករឲ្យបានបើធ្វើមិនបានយកចិត្តទុកដាក់ទេ ក្នុងនាមលោកជាគណៈបញ្ជាការឯភាពក្រុងលោកនិងស្នើសុំឲ្យអ្នកផ្សេងមកធ្វើការជំនួសវិញ។
គួររំលឹកថា កន្លងមក ក្រុមកម្មករដែលដឹកត្រីតាមរទេះចេញពីកម្ពុជាយកទៅលក់នៅប្រទេសថៃគឺមុនចូលទឹកដីថៃក្រុមកម្មករតែងបានបង្ហូរទឹកចេញពីរទេះត្រីនៅលើស្ពាន មិត្តភាពកម្ពុជា-ថៃឲ្យអស់ បើមិនបង្ហូរទេខាងភាគ្គីថៃមិនអនុញ្ញាតឧ្យដឹកចូលទៅលក់លើទីផ្សាររបស់គេឡើយ។ ដូច្នេះហើយទើបក្រុមកម្មករដែលដឹកត្រីបង្ហូរទឹកត្រីចេញ មុនយកទៅលក់លើទីផ្សាររបស់ថៃ ដែលជាហេតុបង្កឧ្យមានភាពស្អុយឆ្អេះឆ្អាបនៅច្រកទ្វារព្រំដែន ៕ វណ្ណា