ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញរាប់ពាន់នាក់ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០១៥ ទាំងព្រលឹមបាននាំគ្នា ធ្វើបាតុកម្ម និងដាក់ញតិ្តទៅកាន់រដ្ឋសភា ស្នើឲ្យសម្តេចហេង សំរិន ប្រធានរដ្ឋសភាដកតំណែងអនុប្រធានទី១ នៃរដ្ឋសភាពីដៃលោកកឹម សុខា ។ ក្រុមបាតុករបានស្រែកតាមឧគ្ឃោសនស័ព្ទ ក៏ដូចជាលើកបដាដែលមានខ្លឹមសារស្រដៀងគ្នាថា លោកកឹម សុខា ជាមនុស្សបោកប្រាស់ ក្រឡិចក្រឡុច និងជាអ្នកនាំទុក្ខដល់ប្រជាពលរដ្ឋ ។
បាតុកម្មដែលបានអូសបន្លាយពេលយ៉ាងយូរ និងបណ្តាលឲ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់២នាក់រងរបួស និងខ្លះមកស្រែកនៅមុខផ្ទះលោកអនុប្រធានគណបក្សសង្គ្រោះជាតិផងនោះ មានបំណងតែមួយគត់គឺស្នើឲ្យលោក កឹម សុខា ចាកចេញពីតំណែង ។
នៅមុខវិមានរដ្ឋសភា ចំពេលដែលសភាកំពុងបើកកិច្ចប្រជុំពេញអង្គ សន្តិសុខត្រូវបានការពារចំពោះក្រុមបាតុករទាំងនោះដែលមានរបៀបរៀបរយ ។ ក្រុមបាតុករបានលើកបដាទាមទារឲ្យលោកកឹម សុខា ចុះចេញពីតំណែង ។ បដាជាច្រើនបានលើកដោយមានខ្លឹមសារថា «លោកកឹម សុខាត្រូវចុះចេញពីតំណែងជាបន្ទាន់, លោកកឹម សុខាជាមនុស្សបោកប្រាស់, មានលោកកឹម សុខា រាស្ត្រគ្មានក្តីសុខ, លោកកឹម សុខាជាមនុស្សក្រឡិចក្រឡុច…» ។
បាតុករម្នាក់ដែលបានចូលរួមបាតុកម្មនេះ លោក ប៊ុន រឿន បាននិយាយថា លោកមិនពេញចិត្តជាមួយនឹងលោកកឹម សុខា ព្រោះតែលោកកឹម សុខា បានបន្ទុះបង្អាប់ជាតិសាសន៍ឯង ដូច្នេះប្រជាពលរដ្ឋត្រូវតែតវ៉ា ហើយដាក់ញត្តិស្នើឲ្យរដ្ឋសភាពិចារណាលើសំណើសុំដកលោកកឹម សុខានោះ ។ លោកប៊ុន រឿន មានប្រសាសន៍ថា «លោកកឹម សុខាបានជាយកគ្នាទៅធ្វើបាតុកម្ម ហើយដៀលត្មិះគ្នាថា សុទ្ធតែជាប៉ុល ពត សុទ្ធតែក្បត់ជាតិ អីចឹងយើងមកទីនេះដើម្បីទាមទារឲ្យដកគាត់ចេញ បើគាត់នៅទៀត យើងខ្ទើមដល់ថ្នាក់ហូបបាយអត់ចូល»។
បាតុករម្នាក់ទៀតមានប្រសាសន៍ថា លោកកឹម សុខាបានប្រមាថទៅលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប់ឆ្នោតដោយសារប្រជាពលរដ្ឋបោះឆ្នោតជូន ។ ដូច្នេះទង្វើរបស់លោកកឹម សុខា គឺជាការប្រមាថដល់ប្រជាពលរដ្ឋខ្មែរ ទូទៅ ។ បាតុករម្នាក់នេះនិយាយថា «ទាំងខ្ញុំទាំងគេ ធ្លាប់ឮការភូតបោកប្រាស់របស់គាត់ច្រើនលើក ច្រើនសាហើយ ។ អ្វីដែលសំខាន់ គាត់មិនដែលបានលើកមុខ លើកមាត់ប្រទេសជាតិទេ»។
សមាជិកសភា នៃគណបក្សទាំងពីរបានចេញមកទទួលញត្តិពីប្រជាពលរដ្ឋដែលជាបាតុករទាំងនោះ ដើម្បីយកទៅដាក់ជូនប្រធានរដ្ឋសភា សម្តេចហេង សំរិន ។ សមាជិករដ្ឋសភាដឹកនាំដោយលោកស្រី ឡោក ខេង, លោកហ៊ុន ម៉ានី និងលោកជា ប៉ូច បានទទួលញត្តិទាំងនោះ ៕
ដោយ៖ ហេង សូរិយា