ភ្នំពេញ៖ ដោយសារតែមានជំងឺរ៉ាំរ៉ៃព្យាបាលមិនជា និងមិនចង់ឲ្យកូនចៅលំបាកដោយសារគាត់ ធ្វើឲ្យបុរសម្នាក់អស់សង្ឃឹមក្នុងជីវិតបានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុង ផ្ទះសំណាក់ តែមុននឹងដាច់ចិត្តធ្វើអត្តឃាត បុរសនេះបានសរសេរលិខិតបណ្ដាំមួយច្បាប់ទុកនៅលើសៀវភៅគ្រួសារទុកឲ្យកូនចៅមើលដោយផ្តាំថាចេះស្រលាញ់គ្នា កុំឈ្លោះប្រកែកគ្នាពេលអត់ពីគាត់ទៅ ។
ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ក្នុងផ្ទះសំណាក់យីហោ «ទឹកមាស» ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីមន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែឲ្យដឹងថា ជនរងគ្រោះមានឈ្មោះអឿន សំអុល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
មន្រី្តនគរបាលដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុគឺជនរងគ្រោះបានសរសេរលិខិតបណ្ដាំមួយច្បាប់នៅលើសៀវភៅគ្រួសាររៀបរាប់ឲ្យកូនចៅរស់នៅចេះស្រលាញ់ថែរក្សាគ្នា មិនត្រូវឈ្លោះប្រកែកគ្នា និងមើលប្អូនម្នាក់ឲ្យរៀនសូត្របានខ្ពង់ខ្ពស់ផង ព្រោះគាត់មានជំងឺធ្ងន់ធ្ងរមិនចង់ឲ្យកូនៗលំបាក អស់លុយកាក់ព្យាបាលជំងឺដល់គាត់នោះទេ។ ក្រៅពីបណ្តាំនេះក៏នៅមានសំឡេងរបស់គាត់ដែលគាត់ថតនៅក្នុងទូរស័ព្ទដៃទុកឲ្យកូនចៅស្តាប់ផងដែរ។បន្ទាប់ទុកបណ្តាំឲ្យកូនចៅរួចមក នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែតុលា គាត់បានទៅជួលបន្ទប់លេខ១០៣ ជាន់ទី១ ក្នុងផ្ទះសំណាក់ខាងលើរួចក៏យកក្រមាចង.កភ្ជាប់ជាមួយទ្វារបន្ទប់បណ្ដាលឲ្យស្លាប់ដោយគ្មានអ្នកណាដឹងឡើយ។
ប្រភពដដែលបន្តថា លុះព្រឹកឡើងម្ចាស់ផ្ទះសំណាក់មិនឃើញជនរងគ្រោះបើកទ្វារចេញមកក្រៅ កើតការសង្ស័យក៏យកសោទៅចាក់ទ្វារបន្ទប់ដែលគាត់ដេកស្រាប់តែឃើញជនរងគ្រោះស្លាប់ចង់រឹងខ្លួនទៅហើយទើបមានការភ្ញាក់ផ្អើលហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញចុះទៅធ្វើកោសល្យ។ក្រោយពេលធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកដប្រាកដមែន ។
បន្ទាប់មកទើបសមត្ថកិច្ចជំនាញប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណនៅគេហដ្ឋាន ៕
ដោយ៖ អរុណរះ