ខេត្តកណ្តាល ៖ បុរសចំណាស់ម្នាក់ដែលមានជំងឺប្រចាំកាយបានមកលេងកូនបែជាដើរទៅខាងក្រោយផ្ទះរអិលជើងធ្លាក់ចូលក្នុងប្រឡាយទឹកស្លាប់យ៉ាងអណោចអធ័ម ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ អេត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះ អេត សុផល ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង បានឲ្យដឹងថា ឪពុករបស់ខ្លួនជាជនរងគ្រោះមានជម្ងឺប្រចាំកាយ បានមកលេងផ្ទះរបស់ខ្លួន(ត្រូវជាកូនជនរងគ្រោះ) អស់មួយរយះមកហើយ រហូតមកដល់ថ្ងៃកើតហេតុ ឪពុករបស់ខ្លួនបានយកក្បាលគីង្គក់ដែលធ្វើរួចយកទៅបោះចូលក្នុងប្រឡាយទឹកខាងក្រោយផ្ទះ ដោយទៅបាត់មិនឃើញត្រឡប់មកវិញ ក៏ឆ្ងល់ភ្លាមនោះខ្លួនដែលត្រូវជាកូនក៏បានដើទៅមើលស្រាប់តែឃើញស្បែកជើងមួយគូរនៅមាត់កំពង់ ភ្លាមនោះបុរសជាកូនបានចុះក្នុងប្រឡាយរួចរាវរកស្រាប់តែប្រទះឃើញឪពុករបស់ខ្លួនក៏ស្រង់យកមកដាក់លើគោក រួចធ្វើចលនាតែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចមកធ្វើការពិនិត្យនិងកោសល្យវិច្ច័យទៅលើសាកសព ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕