ទីក្រុងប៉ារីស៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Laurent Fabius រដ្ឋមន្ត្រីក្រសួងការបរទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង។ លោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្រសួងការបរទេសបារាំង។ សម្តេចតេជោ បានបញ្ជាក់អំពីការមិនអាចបំភ្លេចដែលកាលពីឆ្នាំ១៩៨៤ សម្តេចបានអញ្ជើញមកកាន់ទីនេះជាលើកទី១ អំពីការផ្តួចផ្តើមឲ្យមានជំនួបចចាររវាងសម្តេច និងព្រះករុណាព្រះបរមរតនកោដិ ។
សម្តេចតេជោ ហ៊ុន សែន និង លោក Laurent Fabius បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើទំនាក់ទំនងទ្វេភាគី ក្នុងការការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ទន្ទឹមនិងនេះ សម្តេចតេជោបានគូសបញ្ជាក់ពីការជ្រោមជ្រែងលើកស្ទួយភាសារបារាំងនៅកម្ពុជា គឺសម្តេចផ្ទាល់បានរួមចំណែកដោះស្រាយបញ្ហាទីតាំងនៃ វិទ្យាល័យលីសេដេកាត និងការបង្កើតឡើងនូវអាលីយ៉ង់ហ្វ្រង់សេនៅឆ្នាំ១៩៩០ និងវត្តមាននៃភាសារបារាំងក្នុងវិស័យច្បាប់និងសុខាភិបាល និងបេតិកភណ្ឌពិភពលោកជាដើម។ បញ្ហាបម្រែបម្រួលធាតុអាកាសក៏បានលើកយកមកពិភាក្សាផងដែរដែល សម្តេចតេជោ បានស្នើឲ្យមានការពិភាក្សាពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់របស់ពិភពលោក ដើម្បីធ្វើយ៉ាងណាឈានទៅសំរេចកិច្ចព្រមព្រៀងរួម ស្តីពីការបម្រែបម្រួលធាតុអាកាសដែលនឹងប្រារព្ធនៅចុងឆ្នាំ២០១៥ ។
បន្ទាប់ពីកិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន និង លោក Laurent Fabius បានអញ្ជើញធ្វើអធិបតីនៅក្នុង ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦៖ ១-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់៩លានអឺរ៉ូ សម្រាប់អនុវត្តគំរោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។ ២-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់១១លានអឺរ៉ូ សម្រាប់គំរោងសាងសង់សាលាជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ ៣-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទានមានទឹកប្រាក់ ១៤លានអឺរ៉ូ សម្រាប់គំរោងពង្រីងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជំហានទី២ ដែលចុះហត្ថលេខារ ដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ និងលោក Jacques Moineville អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ លោក Jean Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា។ ៤-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទានមានទឹកប្រាក់ ៧០លានអឺរ៉ូ សម្រាប់គំរោងសាងសង់ប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនី នៅខេត្តកំពង់ចាម ក្រចេះ និងខេត្តកោះកុង ចុះហត្ថលេខារវាងឯកឧត្តម កែវ រតនៈ អគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជា ជាមួយឯកឧត្តម Jacques Moineville អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ។
ជាមួយគ្នានេះមានឯកសារចំនួនពីរផ្សេងទៀត ដែលត្រូវបានចុះហត្ថលេខាដោយឡែក ក្នុងនោះគឺ៖ ៥-អនុសញ្ញាស្តីពីបត្យាប័ន ចុះហត្ថលេខារវាងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយ លោកជំទាវ Christiane TAUBIRA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង និង ៦-កិច្ចព្រមព្រៀងស្តីពីការផ្តុំបដិមាករខ្មែរ រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរ Guimet បារាំង ចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ និង លោក គង់ វិរៈ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិងនាយកសារមន្ទីរ Guimet បារាំង ។
កម្ពុជាអរគុណរដ្ឋាភិបាលបារាំង ដែលបានជួយកសាង និងស្តារប្រទេសជាតិរហូតមានការរីកចម្រើនមកទល់សព្វ ថ្ងៃ។ ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក Laurent Fabius គឺបានពង្រឹងនូវមិត្តភាព សហប្រតិបត្តិការល្អ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ ៕