ទីក្រុងប៉ារីស៖ នៅរសៀលថ្ងៃទី ២៦ តុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក François Hollande ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាល Elysée នៅទីក្រុង Paris ។
សម្តេចតេជោ ហ៊ុន សែន សោមនស្សរីករាយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកទី១ បន្ទាប់ពីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសបារាំងកាលពីឆ្នាំ២០០៩។ សម្តេចតេជោ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនិងរដ្ឋាភិបាលបារាំងនិងក្រុមគ្រួសារសព ចំពោះឧប្បទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗកន្លងទៅនេះ។
សម្តេចតេជោ ក៏បានអរគុណរដ្ឋាភិបាលបារាំងដែលបានផ្តល់ផែនទីដល់កម្ពុជាក្នុងការផ្ទៀងផ្ទាត់ជាមួយនិងប្រទេសជិតខាងកន្លងមក និង ពេញចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD ដែលកម្ពុជាបានទទួលកម្ចីសម្បទាន៤០៦លានEURO។ នៅថ្ងៃនេះ រដ្ឋាភិបាលបារាំងក៏បានផ្តល់កម្ចីបន្ថែមកទៀតដល់កម្ពុជា។ សម្តេចតេជោ បានស្នើភាគីបារាំងអោយពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរឲ្យបានធំទ្វេឡើង ។
ទន្ទឹមនិងនេះដែរ សម្តេចតេជោ បានស្នើដល់ភាគីបារាំង ផ្តល់នូវជំនួយបច្ចេកទេស រួមទាំងហិរញ្ញវត្ថុ និងធនធានមនុស្សដល់កម្ពុជាក្នុងការជួយជំរុញឲ្យដំណើរការនៃការអនុវត្តគោលនយោបាយស្តីពី វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ទទួលបានជោគជ័យ។ សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះតួនាទីរបស់បារាំង ក្នុងនាមជាសហប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានរួមចំណែកយ៉ាងសកម្មដល់ការថែរក្សានិងអភិរក្សប្រាសាទអង្គរកម្ពុជា និងការរួមចំណែកជួយដល់ការជួយជំរុញកំណើនទេសចរណ៍របស់ កម្ពុជា ពិសេសការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។
សម្តេចតេជោ ចូលរួមអបអរសាទរចំពោះប្រទេសបារាំងដែលនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលធាតុអាកាស ដែលគ្រោងធ្វើឡើងនៅខែធ្នូឆ្នាំ២០១៥។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះលោកប្រធានាធិបតីដែលបានថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោ ក៏បានគាំទ្ររដ្ឋាភិបាលបារាំងក្នុងការវាយប្រហារតាមជើងអាកាសទៅលើក្រុមភេរវកម្ម ISIS ។
លោកប្រធានាធិបតីបារាំង François Hollande នឹងជួយជំរុញអ្នកវិនិយោគបារាំងទៅកម្ពុជា ពិសេសការវិនិយោគលើវិស័យអាកាសចរ ទឹកស្អាត និងរថភ្លើងក្នុងក្រុង។ លោកប្រធានាធិបតីបារាំង ក៏ចង់អោយកម្ពុជាចូលរួមក្នុង សន្និសីទស្តីពីការប្រែប្រួលធាតុអាកាសផងដែរ រួមទាំងចង់អោយកម្ពុជាប្រើប្រាស់ភាសារបារាំងក្នុងការអភិវឌ្ឍហ្វ្រង់កូហ្វូនីឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។ លោកប្រធានាធិបតីបារាំងបានទទួលយកនូវព្រះរាជសារព្រះមហាក្សត្រកម្ពុជា ក្នុងការអញ្ជើញលោកទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាដ៏សមស្របខាងមុខ ។
ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក François Hollande បានបង្កើននូវចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិទាំងពីរ បារាំង-កម្ពុជា ៕