ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនលក់ចំណីសត្វមេឌីវ៉េតម្នាក់ត្រូវបានខាងក្រុមហ៊ុនឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាដើម្បីសួរនាំដោយសង្ស័យថា ធ្វើអោយបាត់លុយក្រុមហ៊ុនចំនួន១១.៦២៤ដុល្លា ។
កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្រុមហ៊ុនលក់ចំណីសត្វមេឌីវ៉េតដែលមានទីតាំងផ្ទះលេខ៣២៣ ផ្លូវណតប្រ៊ីត ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុគ្គលិកដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ជា វ៉ាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនខាងលើស្នាក់ក្នុងរោងចក្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកដើមបណ្តឹងមានឈ្មោះគង់ សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាតំណាងក្រុមហ៊ុនមេឌីវ៉េតស្នាក់នៅផ្ទះលេខ២១៨ផ្លូវសេសង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ ។
តាមការអោយដឹងពីបុរសជាដើមបណ្តឹងបានអោយដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល២រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានខាងដេប៉ូលក់ចំណីសត្វ១កន្លែងដែលមានទីតាំងស្ថិតនៅផ្លូវដួងងាប ក្នុងសង្កាត់ទឹកថ្លា ដែលមានឈ្មោះ សួន ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ បានទួរសព្វ័មកក្រុមហ៊ុនអោយបុគ្គលិកទៅយកប្រាក់ដែលដេប៉ូផ្សេងៗទៀតគេផ្ញើមក ពេលនោះខាងក្រុមហ៊ុនក៏ប្រើអោយឈ្មោះ ជា វ៉ាត ដែលជា ជនត្រូវចោទ អោយទៅយកពេលទៅដល់ឈ្មោះ សួន ចន្ធីបានយកប្រាក់ដែលដេប៉ូផ្សេងៗផ្ញើមកនោះប្រគល់អោយឈ្មោះជា វ៉ាត(ជនត្រូវចោទ) ដែលមានចំនួន២ដុំ ក្នុង១ដុំមានចំនួន១៩៦២៤.៩០ដុល្លា និងលុយខ្មែរចំនួន៨៥ម៉ឺនរៀលទៀត ដោយចងជាប់គ្នាទាំងអស់នៅពេលដែលប្រគល់រួចហើយជនត្រូវចោទឈ្មោះជា វ៉ាត បានយកលុយនោះមកក្រុមហ៊ុននៅភូមិស្លែងរលើង សង្កាត់ទឹកថ្លាវិញ លុះមកដល់ស្រាប់តែបាត់លុយអស់ចំនួន១១៦២៤ដុល្លាទៅវិញដោយមានការសង្ស័យក៏ឃាត់ខ្លួនយកមកប្រគល់អោយនគរបាលប៉ុស្តិ៍ទឹកថ្លាដើម្បីសួរនាំតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនត្រូវចោទឈ្មោះជា វ៉ាត បានឆ្លើយប្រាប់ថា រូបគេពិតជាបានទៅយកលុយពីដេប៉ូខាងលើពិតមែន ប៉ុន្តែរូបគេមិនបានលួចយកលុយដែលបាត់នោះទេ ព្រោះពេលនោះខ្លួនបានដាក់លុយនោះនៅក្នុងថង់ខ្មៅព្យួនិងដៃម៉ូតូជិះមកក្រុមហ៊ុនវិញ ស្រាប់តែមកដល់ក៏ឃើញថង់ខ្មៅនោះធ្លុះគួទហើយនៅសល់លុយតែ១ដុំទើបដឹងថា បាត់ ភ្លាមនោះរបគេក៏បានវិលទៅរកវិញដែរ តែមិនឃើញហើយ ក៏ត្រឡប់មកក្រុមហ៊ុនវិញ ស្រាប់តែខាងក្រុមហ៊ុនឃាត់ខ្លួនមកអោយសមត្ថកិច្ចតែម្តង ។
បើទោះបីជាជនសង្ស័យរូបនេះ បានឆ្លើយបដិសេធក៏ដោយ ក៏សមត្ថកិច្ចមិនជឿដែរ ព្រោះប្រាក់ដែលបាត់នោះវាមិនតុល្យភាពគ្នាទេ គឺប្រាក់ដែលគេប្រគល់ក្នុង១ដុំចងជាប់គ្នាមានចំនួន១៩៦២៤ដុល្លារឯណោះ តែទឹកប្រាក់ដែលបាត់មានចំនួនត្រឹមតែ១១.៦២៤ដុល្លាទៅវិញ ។
បច្ចុប្បន្នសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់៕
ដោយ៖ តុង សីហា