ភ្នំពេញ៖ ថវិកាសរុបជាង១លាន រៀលត្រូវបានសប្បុរសជនជួយឧបត្ថម្ភដល់យុទ្ធជនមួយរូបដែល ជួបគ្រោះថ្នាក់ ដើរជាន់មីនកប់ក្នុងដីសល់ពីសម័យសង្គ្រាម បណ្តាលអោយដាច់ ជើងទាំង២ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចជើងភ្នំព្រះវិហ៊ា ខាងក្រោយជណ្តើរបុរាណ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ ហើយត្រូវបានដឹកមកសង្គ្រោះនៅមន្ទីពេទ្យព្រះកេតុមាលា ។
សកម្មភាពមនុស្សធម៍នាំយក ថវិកាទៅប្រគល់ជូនយុទ្ធជនដែលជួបគ្រោះថ្នាក់ក្នុងបុព្វហេតុការពារទឹកដីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅក្នុងបន្ទប់សម្រាកព្យាបាលនៃមន្ទីរពេទ្យព្រះកេតុមាលា ។
សប្បុរសដែលបានបរិច្ចាគថវិកា ជួយឧបត្ថម្ភដល់យុទ្ធជនដែលរងគ្រោះដោយសារគ្រាប់មីននេះមានឈ្មោះ ១-លោកស្រី ឌឹម សុភាវី កូនស្រីច្បងលោកជុំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ឧបត្ថម្ភថវិកាចំនួន ១ លានរៀល , ២-លោកស្រី លី ឡា ឧបត្ថម្ភថវិការចំនួន២០ម៉ឺនរៀល ,៣-លោកស្រី សេង ដាលីន ឧបត្ថម្ភថវិកាចំនួន២០ដុល្លារ និងទី៤-លោកស្រី ស៊ុន ចាន់ធារី ឧបត្ថម្ភថវិកាចំនួន៥ដុល្លារ ។
ថវិកាជាង១លានរៀលរបស់ សប្បុរសជននេះ ត្រូវបានលោក ម៉ៅ សណ្តោស អ្នកយកពត៍មានកាសែត “នគរវត្ត” នាំ យកទៅប្រគល់ជូនដោយផ្ទាល់ដៃនៅក្នុងបន្ទប់សម្រាកព្យាបាលនៃមន្ទីរពេទ្យព្រះកេតុមាលា ។
យុទ្ធជនដែលជួបគ្រោះថ្នាក់ក្នុងបុព្វហេតុការពារទឹកដីនេះមានឈ្មោះ មី មន ភេទប្រុស អាយុ៤១ឆ្នាំ ឋានៈអនុសេនីយ៍ ឯក នៅកងពលធំអន្តរាគមន៍លេខ៣ ការិយាល័យបច្ចេកទេសរថក្រោះ ប្រចាំការនៅជើងភ្នំប្រាសាទព្រះវិហារ ។
តាមការរៀបរាប់របស់យុទ្ធជនរង គ្រោះបានអោយដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៣,៣០នាទីរសៀល លោកនិងមិត្តរួមអាវុធនៅក្នុងអង្គភាពបានចុះពិនិត្យភូមិសាស្ត្រនៅចំនុចខាងក្រោយជណ្តើរបុរាណជើងភ្នំប្រាសាទព្រះវិហ៊ា ពេលកំពុងបំពេញការងារស្រាប់តែជាន់ចំមីនប្រភេទមីន៦៩ សល់តាំងពីសម័យ សង្គ្រាមបណ្តាលអោយដាច់ជើងទាំង២ ។ បន្ទាប់ពីជួបគ្រោះថ្នាក់ខាងអង្គភាពបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះវិហារ រួចហើយបញ្ជូនមកសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកេតុមាលា ។ រាល់ការចំណាយត្រូវថ្នាក់ ដឹកនាំខេត្ត កាកបាទក្រហមខេត្ត និងអង្គភាព ចេញទាំងអស់ ។ ពេលនេះ សប្បុរសជនបានជួយឧបត្ថម្ភបន្ថែមក្រុមគ្រួសាររបស់លោកមានការរំភើបណាស់ និងសូមជូនពរអោយលោកជុំទាវ លោកស្រី ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយឡែកលោកស្រី ឌឹម សុភាវី កូនស្រីច្បងលោកជុំទាវឧកញ៉ាសៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានអោយដឹងថា បន្ទាប់ពីទទួលបាន ពត៍មានតាមរយៈបណ្តាញសង្គម “ ហ្វេសប៊ុក” លោកជុំទាវ បានណែនាំអោយ លោក ស្រី រៀបចំថវិកា និងគៀងគរកសប្បុរស ជនបន្ថែមទៀតដើម្បីប្រមែប្រមូលថវិការយកទៅជួយឧបត្ថម្ភដល់យុទ្ធជនដែលរងរបួសដាច់ជើងទាំង២ដោយសារមីន ដើម្បីរួមចំណែកសម្រាលការលំបាកនៅក្នុងក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះ ។ សកម្មភាពមនុស្សធម៍ប្រកាន់ខ្ជាប់នូវវប្បធម៍ចែករំលែងនេះ លោកស្រីបានធ្វើយ៉ាងច្រើន ទៅលើប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង យុទ្ធជនដែលជួបគ្រោះថ្នាក់ក្នុងបុព្វហេតុការពារទឹកដី ប្រជាពលរដ្ឋរងគ្រោះដោយ ធម្មជាតិ…ពោលគឺសកម្មភាពមនុស្ស ធ្វើឡើងទាំងក្នុងផ្នែកអាណាចក្រនិងពុទ្ធចក្រ ៕
ដោយ៖ សណ្តោស