ប្រធានាធិបតីអាមេរិកដូណាលត្រាំ ទើបតែបានប្រកាស ពីស្ថានភពនៅក្នុងប្រទេសអីរ៉ង់ ថា «ពេលវេលាដែលត្រូវផ្លាស់ប្តូរអីរ៉ង់បានមកដល់» ។ ការប្រកាសបែបនេះមិនខុសអ្វី ពីការជម្រុញឲ្យពលរដ្ឋអីរ៉ង់ធ្វើបដិវត្តផ្តួលរំលំរបស់ដឹកនាំអីរ៉ង់។
ចំពោះការធ្វើបាតុកម្មក្លាយជាហឹង្សាសម្លាប់មនុស្ស ជាង១០នាក់នៅអីរ៉ង់ លោកត្រាំក៏បានប្រកាសផងដែរថា ពលរដ្ឋអីរ៉ង់កំពុងតែស្រែកឃ្លានសេរីភាព ហើយដល់ពេលដែល ពលរដ្ឋអីរ៉ង់ ត្រូវតែផ្លាស់ប្តូររបៀបដឹកនាំនៅក្នុងប្រទេសនេះ។
មេដឹកនាំអាមេរិក បានសរសេរនៅលើបណ្តាញសង្គមថា «ជាច្រើនឆ្នាំកន្លងមក ប្រជាជនអីរ៉ង់ ត្រូវទទួលរងនូវការរំលោភបំពាន។ ពលរដ្ឋត្រូវការស្បៀងអាហារនិងសេរីភាព នេះជាពេលវេលាដែលត្រូវផ្លាស់ប្តូរ »។
ការធ្វើបាតុកម្មនៅក្នុងប្រទេសអីរ៉ង់ បានឈានចូលជិត១សប្តាហ៍កន្លងមក ហើយកំពុងតែរាលដាលកាន់តែខ្លាំងឡើង ។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា នៅតាមបណ្តាខេត្តក្រុង មានបាតុកម្មចាប់ផ្តើមឡើង តាំងពីថ្ងៃទី២៨ខខែធ្នូ ឆ្នាំ២០១៧ រហូតមកទល់ពេលនេះ។ នៅទីក្រុង Mashhad ពេលដំបូងធ្វើបាតុកម្ម ប្រឆាំងនិងតម្លៃប្រេងសាំងឡើងថ្លៃ និងអំពើពុករលួយ តែពេលនេះបានងាកមកបាតុកម្មប្រឆាំងរដ្ឋាភិបាលវិញម្តង។
ក្រុមបាតុករបង្ហាញការខកចិតចំពោះសេដ្ឋកិច្ចជាតិធ្លាក់ចុះ និងអំពើពុករលួយ កើនឡើងខ្ពស់នៅក្នុងប្រទេស ទាំងនោះហើយបានធ្វើឲ្យមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាន់តែច្រើនឡើង នៅពេលដែលឆ្នាំ២០១៨បានចូលមកដល់។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា មកទល់ពេលនេះមានអ្នកស្លាប់១៥នាក់ នៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ។ ប៉ុន្តែមន្ត្រីសន្តិសុខបានបញ្ជាក់ថា៖ មកទល់ពេលនេះគឺមានរក្សាសន្តិសុខយ៉ាងល្អ ដោយក្រុមសន្តិសុខមិនបានផ្ទុះអាវុធដាក់បាតុករនោះឡើយ។ ផ្ទុយទៅវិញគឺមានការផ្ទុះអាវុធទៅលើកម្លាំងប៉ូលិសការពារទៅវិញ សម្លាប់ប៉ូលិសម្នាក់និង៣នាក់រងរបួស។
ប្រធានាធិបតីអីរ៉ង់ ហាសសានរ៉ូហានី បានអំពាវនាវឲ្យពលរដ្ឋរក្សាការអត់ធ្មត់ ។ លោកបន្តទៀតថា ការធ្វើបាតុកម្ម នាពេលនេះបង្ហាញឲ្យឃើញថា អីរ៉ង់ គឺជាប្រទេសសេរីភាពតាមរដ្ឋធម្មនុញ្ញ ដោយពលរដ្ឋមានសិទ្ធបញ្ចេញមតិតវ៉ា ប្រឆាំងរដ្ឋាភីបាល ។ ប៉ុន្តែបាតុករមិនមានសិទ្ធបង្ករអសន្តិសុខភាពចលាចលនៅក្នុងសង្គមឡើយ។
ស្ថានភាពវិបត្តិនៅក្នុងប្រទេសអីរ៉ង់ មានការលូកដៃពីប្រទេសលោកខាងលិច ។ សហគមន៍អឺរ៉ុប បានអំពាវនាវដល់អីរ៉ង់ ត្រូវតែធានា សិទ្ធធ្វើបាតុកម្ម ដោយសន្តិវិធី។ អីរ៉ង់កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពប្រែប្រួលនៅក្នុងប្រទេសនេះ។ ជាមួយគ្នានោះ អាល្លឺម៉ង អង់គ្លសេ ក៏បានស្នើដល់រដ្ឋាភិបាលរក្សាការអត់ធ្មត់ និងពិភាក្សាជាមួយ ពលរដ្ឋ បញ្ចប់ ការប្រឈមមុខដាក់គ្នា។
នៅពេលនេះដែរអាមេរិក បានប្រកាសគាំទ្រ ដល់បាតុករអីរ៉ង់។ អនុប្រធានាធិបតីអាមេរិក លោក Michael Pence ក៏បានប្រកាសផងដែរថា ទីក្រុងវ៉ាស៊ីនតោន និង មិនបោះបង់ចោលក្រុមបាតុករអីរ៉ង់ឡើយ។
អនុប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ការក្រោកឈរឡើងរបស់ពលរដ្ឋអីរ៉ង់នាពេលនេះ គឺជាក្តីសង្ឃឹមដើម្បីបញ្ចប់របបផ្តាច់ការ នាំមកនៅសិទ្ធសេរីភាព។ នៅពេលនេះដែរ អាមេរិកនិងមិនឲ្យពលរដ្ឋអីរ៉ង់ដែលចង់បានសេរីភាពខកចិត្តនោះឡើយ។
មិនថាតែអាមេរិកនិងអឺរ៉បគាំទ្រក្រុមបាតុករអីរ៉ង់ ប្រឆាំងរដ្ឋាភិបាល អីស្រាអែល និង សាឌីអារ៉ាប៊ីដែលជាសត្រូវរបស់អីរ៉ង់ក៏បានគាំទ្រ ក្រុមបាតុករក្នុងការផ្លាសប្តូររបបដឹកនាំនៅក្នុងប្រទេសនេះ៕
ដោយ៖ មែវ សាធី