ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចេញដីការកោះហៅស្ត្រីឆបោកឈ្មោះ អៀត សារឹម អោយមន្ត្រីពន្ធនាគារខេត្តកណ្តាល បញ្ជូនស្ត្រីឆបោករូបនោះ មកតុលាការដើម្បីសាកសួរ បណ្តឹងពលរដ្ឋជាង៣០នាក់ នៅស្រុកកៀនស្វាយ ពាក់ពន្ធ័ការឆបោកប្រាក់ធានាទៅធ្វើពលករនៅប្រទេសជប៉ុន។
បច្ចុប្បន្នជនជាប់ចោទរូបនោះ កំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។
សូមជម្រាបថា: ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋជាង៣០នាក់ មកពីស្រុកកៀនស្វាយ បានមកដាក់ពាក្យបណ្តឹង ទៅលើស្ត្រី ឆបោក ឈ្មោះ អៀត សារឹម ដែលបានឆបោកប្រាក់ពួកគាត់ ថាធានាទៅធ្វើពលករនៅប្រទេស ជប៉ុន ចូលសាលាដំបូងខេត្តកណ្តាល ដើម្បីសុំអោយតុលាការមេត្តាជួយដោះស្រាយតាមនីតិវិធីច្បាប់។
ពលរដ្ឋជាច្រើនបានប្រាប់អោយដឹងថា: ពួកគាត់ត្រូវបានស្ត្រីឈ្មោះ អៀត សារឹម បានឆបោកពួកគាត់ ដោយលួងលោមថា បើចង់ទៅធ្វើការនៅប្រទេសជប៉ុនបានប្រាប់ខែច្រើន ចាំខ្ញុំធានាយកទៅ អោយតែប្រគល់ប្រាក់អោយខ្ញុំម្នាក់ ១០០០ដុល្លារ ទៅ២០០០ដុល្លារ បានទៅហើយ។ តែអ្វីដែលពួកគាត់ខំទុកចិត្តនោះគឺបានត្រឹមតែត្រូវស្ត្រីឆបោក អៀត សារឹម យកលុយពីពួកគាត់យកទៅចាយអស់ពោលគឺលុយក៍អស់ មនុស្សក៍អតបានទៅ។
ពលរដ្ឋបានប្រាប់បន្ថែមទៀតថា: ពួកគាត់មកដាក់ពាក្យបណ្តឹងគឺសូមអោយ តុលាការមេត្តាជួយដោះស្រាយតាមនីតិវិធីច្បាប់។ ដែលបច្ចប្បន្នស្ត្រី ឆបោក ឈ្មោះ អៀត សារឹម កំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល។
សូមរំលឹកថា: កាលពីល្ងាចថ្ងៃទី២៥ ខែតុលា នេះ ក្រោយគេចខ្លួនជាង២ខែ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ប្រធានសាលាដំបូងខេត្តកណ្ដាល ។
ប្រភពព័ត៌មាន បញ្ជាក់ថា ស្ត្រីឆបោក អៀត សារឹម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលខណ្ឌដង្កោ ចាប់ខ្លួននៅចំណុចក្នុងបុរីលឹម ឈាងហាក់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនភ្លាមៗមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តនីតិវិធី ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ អៀត សារឹម ដើម្បីយកមកអនុវត្តទោសចំនួនមួយឆ្នាំ ពីបទរំលោភលើទំនុកចិត្ត ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមជំនុំជម្រះ កាលពីទី១៨ ខែសីហា ឆ្នាំ២០១៧ប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីឈ្មោះ អៀត សារឹម ដាក់ពន្ធនាគារ១ឆ្នាំ សងសំណង ចំនួន ៦ពាន់ដុល្លារអាមេរិក សងសំណងជំងឺចិត្តចំនួន៤ពាន់ដុល្លារ និង ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមច្បាប់ ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល យល់ឃើញថា ចរិតប្រព្រឹត្តបទល្មើសរបស់ជនជាប់ ចោទមានលក្ខណៈធ្ងន់ធ្ងរ កលល្បិចជាច្រើន ក្នុងការបោកប្រាស់ជនរងគ្រោះ ។ ដូច្នេះ តុលាការចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនជនជាប់ចោទ ក្នុងការប្រកាសសាលក្រមនេះ កំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ បើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
ចន្លោះពេលនេះ លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹង សង្ឃឹមថាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងអាច ចាប់ខ្លួនស្ត្រីឈ្មោះ អៀត សារឹម យកមកផ្តន្ទាទោសបាន ព្រោះពេលសវនាការជនជាប់ចោទបានបង្ហាញវត្តមាន តែពេលប្រកាសសាលក្រមបានគេចវេះមិនចូលខ្លួន ដោយមានចេតនាពិតប្រាកដ ក្នុងការគេចវេះពីការ ទទួលខុសត្រូវ ។
គួររំលឹកថា កាលពីពេលកន្លងទៅ ដើមបណ្ដឹង ប្រតិកម្មខ្លាំងៗ ចំពោះការសម្រេចរបស់សភាស៊ើបសួរ សាលា ឧទ្ធរណ៍ដែលដោះលែងស្ត្រីឈ្មោះអៀត សារឹម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ទឹកប្រាក់មួយម៉ឺន ដុល្លារអាមេរិក ក្រោយជាប់ពន្ធនាគារជាងមួយខែប៉ុណ្ណោះ ។
ដើមបណ្ដឹង សង្ស័យថា ការសម្រេចនេះបង្កប់ភាពមិនប្រក្រតី ដោយដើមបណ្ដឹង ថានឹងដាក់បណ្តឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ ។
លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹងអះអាងថា លោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ សភាស៊ើប សួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ សម្រេចដោះលែងស្ត្រីឈ្មោះ អៀត សារឹម ឲ្យនៅក្រៅ ឃុំបណ្តោះអាសន្ន ។ ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺ ផ្ទុយពីការសម្រេចរបស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលពុំដោះលែងស្ត្រីឈ្មោះ អៀត សារឹម ។
មុនការសម្រេចដោះលែងនេះ គឺ កើតមានភាពមិនប្រក្រតីមួយចំនួន ដែលដើមបណ្ដឹងសង្ស័យថា អាចបង្កប់អំពើពុករលួយ ។
លោកស្រី សោភ័ណ្ឌ បន្តថា មេធាវីការពារស្ត្រីឈ្មោះ អៀត សារឹម ធ្លាប់និយាយថា នឹងជួយសម្រួលឲ្យមានការដោះស្រាយសំណង ។ ប៉ុន្ដែពេលនេះ បានត្រឹមតែជាការសន្យាខ្យល់ ពោលគឺ មនុស្សត្រូវបានដោះលែង រីឯសំណងមួយរៀលក៏ពុំបានទទួល ។
មិនតែប៉ុណ្ណោះ សូម្បីតែពេលសវនាការ និង ការសម្រេចដោះលែងនេះ គឺ ដើមបណ្ដឹនេះបានមន្ត្រីសាលាដំបូងខេត្តកណ្ដាល វិញទេ ដែលមានការភ្ញាក់ផ្អើលពេលឃើញដីកាដោះលែងមនុស្សចំថ្ងៃទី១០ ខែឧសភា ត្រូវថ្ងៃបុណ្យវិសាខ បូជា ទើបមន្ត្រីតុលាការខេត្តកណ្ដាល ពុំទទួលយកដីកាសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយជំនួយការរបស់លោកស្រីមេធាវី ត្រឡប់ទៅវិញ ។
ឆ្លើយតបការលើកឡើងនេះ លោកស្រីមេធាវី ធ្លាប់អះអាងថា លោកស្រីធ្វើតែតាមនីតិវិធីប៉ុណ្ណោះ ៕ ឆ ដា