ខេត្ដព្រះសីហនុ៖ ប្រជាពលរដ្ឋខេត្ដ ព្រះសីហនុបានឱ្យដឹងថា ព្រៃអាកាស្យា ក្នុងតំបន់ហាមឃាត់ដោយអនុក្រឹត្យ លេខ៧៦ នៅចំណុចជម្រាលក្បាលឆាយ ប្រយោជន៍ដើម្បីការពារប្រភពទឹកស្អាតនោះ ពេលនេះកំពុងរងការកាប់បំផ្លាញ យ៉ាងរង្គាលដោយក្រុមយោធាកងពល តូចលេខ៣១ការពារដែនកោះ ។
តាមសេចក្ដីរាយការណ៍ថាព្រៃអាកាស្យាត្រូវបានគេកាប់រានក្នុងគោលដៅវាតយកដីសង់ខ្ទមតូចៗចំណែកដើមអាកាស្យាត្រូវគេដឹកយកទៅលក់ដោយពុំបានខ្វល់ពីអនុក្រឹត្យលេខ៧៦នោះឡើយ ។
លោកឧត្ដមនាវី ស្រ៊ុន សារឿន មេ បញ្ជាការកងពលតូចលេខ៣១ការពារ ដែនកោះបានឱ្យដឹងថា ទីតាំងដីចំណុច ខាងលើទំហំប្រមាណជិត៣០ហិកតា គឺ រាជរដ្ឋាភិបាលប្រគល់មកឱ្យអង្គភាពកងពលតូចលេខ៣១ដើម្បីអភិវឌ្ឍធ្វើជា បន្ទាយបម្រើផលប្រយោជន៍អង្គភាព មិនមែនបម្រើផលប្រយោជន៍បុគ្គលណា ម្នាក់នោះទេ ។ ប៉ុន្ដែបច្ចុប្បន្នទីតាំងនោះ នៅមិនទាន់បានធ្វើអ្វីនៅឡើយទេ គឺ ទើបតែចាប់ផ្ដើមកាប់ព្រៃអាកាស្យាបន្ដិចបន្ដួចប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយលោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ចំពោះករណីកាប់ព្រៃ អាកាស្យានេះថា លោកបានបញ្ជាឱ្យមន្ដ្រី ពាក់ព័ន្ធចុះទៅពិនិត្យ និងបានធ្វើការផ្អាក សកម្មភាពជាបណ្ដោះអាសន្នហើយ ដើម្បីមានវិធានការបន្ដតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញស.ជ.ណ លេខ១០២១ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ដោយយោងតាមចំណារឯកភាពដ៏ខ្ពង់ ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០១៥ ដោយបញ្ជាក់ថា ដី ដែលមានកម្មសិទ្ធិគ្រប់ប្រភេទក្នុងរង្វង់កំណត់ដោយអនុក្រឹត្យលេខ៧៦ ចុះថ្ងៃ ទី២០ ខែមករា ឆ្នាំ១៩៩៧ ត្រូវលុបចោល ទាំងងអស់ហើយតម្រូវឱ្យក្រសួងរុក្ខា ប្រមាញ់និងនេសាទសហការជាមួយ អាជ្ញាធរមូលដ្ឋានអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថ ចុះបោសសម្អាតហេដ្ឋា រចនាសម្ព័ន្ធទាំងអស់ក្រៅ ពីផ្លូវរួមមាន ផ្ទះ ខ្ទម របង ដំណាំនៅក្នុងតំបន់ដែលកំណត់ ដោយអនុក្រឹត្យលេខ៧៦ ៕
ដោយ៖ ហេង នរិន្ទ្រ