ខេត្តពោធិ៍សាត់៖ លោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកម្លាំងចំរុះប្រមាណជាង ៦០នាក់ ចុះបង្រ្កាបឧបកណ៍បទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដោយកាប់កម្ទេចចោលនូវវត្ថុតាង។
ប្រតិបត្តិការខាងលើធ្វើឡើងពេញមួយថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ចាប់ពីចំណុចឃុំកំពង់លួងរហូតដល់ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចការបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលរបាំងសាច់អួនចំនួន ១៤ខ្សែ ស្មើរនឹងប្រវែងចំនួន ៤៩៥០ម៉ែត្រ ក្បាលបរចំនួន ១២គ្រឿង បង្គោលចំរឹងចំនួន ៨៧០ដើម និងចាក់លែត្រីចំរុះចំនួន ១៦០គីឡូក្រាម។
ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះដែរកម្លាំងបានធ្វើការអប់រំដល់ម្ចាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលចំនួន ១៥ខ្សែ ស្មើរនឹងចំនួន ១៥គ្រួសារ ដើម្បីតំរ៉ូវឲ្យពួកគាត់រូសរើដោយខ្លួនឯងហើយឲ្យស្វែងយល់អ្វីទៅដែលខុសច្បាប់ ចំណែកឧបករណ៍បទល្មើសនេសាទជាវត្ថុតាងដែលបង្រ្កាបបាន បានកាប់កម្ទេចចោលនៅនឹងកន្លែង៕ ដោយ បឹុម ពិន