អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន និងស្នងការមកពីទូទាំង ២៥រាជធានី-ខេត្តផងដែរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួន ៖ ទី១.គឺបានវាយតម្លៃអំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសភាពការណ៍បទល្មើស ដែលក្នុងរយៈពេល១ខែធ្នូ កន្លងមកនេះ ជារួមគឺ ទាំងសភាពការណ៍សន្តិសុខ បទល្មើស សណ្តាប់ធ្នាប់ ទាំងសភាពការណ៍សន្តិសុខតាមព្រំដែន គឺកងកម្លាំងនគរបាលជាតិបានរួមចំណែក និងបានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា “ សភាពការណ៍សន្តិសុខគឺវិវត្តន៍ល្អប្រសើរមិនមានអីកត់សម្គាល់នោះទេ ទោះបីថាក្នុង១ខែនេះ មានបាតុកម្ម កូដកម្ម ១៣០លើក មានពិធីតូចធំដែលត្រូវការពារ ៨៤៤លើក តែនគរបាលបានរៀបរយសម្របសម្រួលបានល្អ មិនមានអំពើហិង្សាកើតឡើង និងរាល់កម្មវិធីទាំងអស់នគរបាលបានរក្សាការពារសុវត្ថិភាពទាំងស្រុង ។ សភាពការណ៍បទល្មើសជារួម បទល្មើសព្រហ្មទណ្ឌមានការថយចុះ ១ភាគរយ ប៉ុន្តែអ្វីដែលយើងកត់សម្គាល់គឺ បទល្មើសឧក្រិដ្ឋថយ ១៩ភាគរយ ជាពិសេសគឺបទល្មើសប្លន់ ប៉ុន្តែយើងកត់សម្គាល់បទល្មើសមជ្ឈឹមមានការកើនឡើង ៤ភាគរយ ក្នុងនោះបទល្មើសឆក់ដែលនគរបាលមានការយកចិត្តទុកដាក់គឺមានការកើនឡើង ៣លើក ដែលខែមុនមាន ២៩លើក ខែនេះ​៣២លើក ។ ប៉ុន្តែសរុបមកវិញទាក់ទងនិងសភាពការណ៍បទល្មើសព្រហ្មទណ្ឌនេះ គឺនគរបាលបានតស៊ូបង្រ្កាបទទួលបានលទ្ធផលខ្ពស់ណាស់ គឺ ៨៦ភាគរយ នៃរឿងហេតុដែលកើតឡើង ហើយក្នុងនោះបទល្មើសឆក់ដែលនគរបាលបានយកចិត្តទុកដាក់ ទោះបីក្នុង១ខែកន្លងមកនេះកើន៣លើក មានន័យថា កើត ៣២លើក ប៉ុន្តែនគរបាលតាមបង្រ្កាបបាន ៣០លើក អញ្ចឹងរួចខ្លួនតែ ២ ” ។ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្តថា​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ឲ្យកម្លាំងនគរបាលបង្កើនការបង្រ្កាបពួកនេះថែមទៀត ហើយបង្កើនការរៀបចំសំណុំរឿងដាក់បន្ទុកពួកនេះឲ្យធ្ងន់ គឺយើងរៀបចំសំណុំទៅជាបទឧក្រិដ្ឋ ដើម្បីកុំឲ្យពួកនេះធ្វើសកម្មភាពល្មើសតទៅទៀត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្តថា កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការងារចរាចរណ៍ផងដែរ ដោយពិនិត្យឃើញថាគ្រោះថ្នាក់ចរាចរណ៍នៅមានចំនួនច្រើននៅឡើយ អ្នកស្លាប់ក៏ច្រើន ដូច្នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថាធ្វើម៉េច គឺទូទាំងប្រទេសអនុវត្តឲ្យបានព្រមៗគ្នារឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសផ្តោទៅលើការជិះម៉ូតូមិនពាក់មួក និងបើកបរលើសល្បឿនកំណត់ ដែលជាមូលហេតុដែលបណ្តាលឲ្យស្លាប់ និងគ្រោះថ្នាក់ច្រើន ។

ដោយឡែកបញ្ហាព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងវៀតណាម កាត់ផ្តាច់ច្រកព្រំដែនទាំង៤ខ្សែ នៅព្រំដែនខេត្តរតនគិរី នៅអំឡុងខែធ្នូនោះ បញ្ហានេះមិនទាន់មានអីធំដុំទេ ហើយគណៈបញ្ជាការឯកភាពខេត្តរតនគិរី កំពុងតែដោះស្រាយបញ្ហានេះហើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print