ភ្នំពេញ ៖ជនសង្ស័យ២នាក់ ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបាន និងឆែកឆេររកឃើញគ្រឿងញៀនចំនួន០២កញ្ចប់ធំរួមនិងឧបករណ៍ជក់ព្រមទាំងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀត។ ករណីចុះបង្ក្រាបនិងឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំផ្សារប៉េស្សេ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ ។
ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានសហការជាមួយសាលាសង្កាត់ចាក់អង្រែលើ រួមដោយមានការឯកភាពពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានអនុញ្ញាតិឲ្យចុះត្រួតពិនិត្យឆែកឆេរបន្ទប់ជួលលេខ៤ ក្នុងផ្ទះគ្មានលេខ ផ្លូវ៣៧១ ក្រុម៩ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់, ដែលមានឈ្មោះ៖ ១-សោម គឹមឌី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចំរៀង ស្នាក់នៅផ្ទះជួលខាងលើ កន្លែងកើតហេតុ (ឃាត់ខ្លួន) ។ ២-ម៉ៅ រស្មី ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបង្ហាញម៉ូត ស្នាក់នៅផ្ទះជួលខាងលើ កន្លែងកើតហេតុ (ឃាត់ខ្លួន)។ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០២កញ្ចប់(ធំ១ ចង់តូច១)និងថង់ប្លាស្ទីកសម្រាប់ច្រក១ចំនួន។ ប្រាក់១០០$ និងប្រាក់រៀល៥០០០០រៀល ទូរសព្ទដៃ២គ្រឿងម៉ាក អាយហ្វូន7 ពណ៌ខ្មៅ១គ្រឿង និង អាយហ្វូន5 ពណ៌ស១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ស្លាកលេខកណ្តាល 1E-0754 ។
វរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យ បានប្រាប់អោយដឹងថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់នោះ រួមនិងវត្ថុតាំងគ្រឿងញៀន ២កញ្ចប់នោះ ត្រូវបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍សង្កាត់ចាក់អង្រែលើធ្វើការឃុំខ្លួនធ្វើការសាកសួរដើម្បីរងចាំកសាងសុំនំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ៕ភារ៉ាដង្កោ