ភ្នំពេញ៖ ល្បែងប្រជល់មាន់ត្រូវបានសមត្ថកិច្ចបង្ក្រាប់ជាបន្តបន្ទាប់ធ្វើឲ្យអ្នកនិយមល្បែងនេះតែងតែមានការភ័យភិត ហើយតែងតែមានការប្រុងប្រយ័ត្នបំផុតនៅពេលពួកគេលួចលេងជល់មាន់ម្តងៗ។ អ្នកនិយមលេងល្បែងប្រជល់មាន់នេះនៅតែបន្តលួចលេងនៅក្នុងព្រៃទីស្ងាត់ លួចលាក់គ្រប់មធ្យោបាយបើទោះបីមានការតាមប្រម៉ាញ់ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ។
ដោយឡែកថ្មីៗនេះ គេឃើញល្បែងប្រជល់មាន់ត្រូវបានក្រុមអ្នកនិយមចូលចិត្តលេងបានបង្វែមកលេងភ្នាល់តាមការLiveបន្តផ្ទាល់ពីទូរទស្សន៍ប្រទេសថៃ ឬផ្សាយផ្ទាល់ចេញពីបណ្តាកាស៊ីណូតាមព្រំដែន ដែលបច្ចុប្បន្ននេះគេឃើញមាននៅហាងកាហ្វេណាត់ក្បែរសណ្ឋាគាលីសុជាតិ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ករណីប្រជល់មាន់តាមទូរទស្សន៍ វាមិនខុសពីកីឡាប្រដាល់តាមទូរទស្សន៍នោះទេ តែអ្នកច្បាប់ម្នាក់បានលើកឡើងថា តាមធម្មតាកីឡាគឺនាំមកនូវសុខភាពហើយប្រជល់មាន់ផ្សាយតាមទូរទស្សន៍បើអ្នកមើលគ្រាន់តែជាការមើលកម្សាន្តនោះវាមិនខុសច្បាប់នោះទេ។ តែផ្ទុយទៅវិញបើគេមើលហើយនាំគ្នាភ្នាល់ដាក់លុយវិញនោះ គឺខុសច្បាប់។ ដូចជាអ្នកមើលកីឡាប្រដាល់ភាគច្រើនគេភ្នាល់ដាក់លុយ។ តែខុសពីអ្នកលេងប្រជល់មាន់ ដែលមានការហាមប្រាមជាស្រេចក្នុងច្បាប់ពីរាជរដ្ឋាភិបាលមិនអនុញ្ញាត។
ក្រៅពីនេះ A2-Net24H ក៏មានការLiveផ្ទាល់ពីកាស៊ីណូនូវល្បែងភ្នាល់គ្រប់ប្រភេទផងដែរ ដែលគេបានឃើញមានការចេញចូលភាគច្រើនជាក្រុមក្មេងទំនើងនៅពេលយប់ពពាក់ពពួនឡូឡារំខានការដេកពួនពលរដ្ឋជិតខាង។ លោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យតែងតែបានដាក់បញ្ជារាល់ការប្រជុំប្រចាំខែដល់អាជ្ញាធរសង្កាត់ឡើងរបាយការណ៍ចំពោះទីតាំងNet24H។ តែរហូតមកដល់ពេលនេះចំនួនទីតាំងណេតនៅមិនទាន់ដឹងចំនួននៅឡើយ ដោយនិយាយក្នុងមូលហេតុថា ម្ចាស់ទីតាំងណេតមិនសហការ៕តាឡឹម
