ខេត្តកណ្តាល៖ ផ្លូវលំមួយខ្សែប្រវែង ១៥.៨០០ ម៉ែត្រ ដែលតភ្ជាប់ពីសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ទៅ ផ្លូវជាតិលេខ៥ ដោយឆ្លងកាត់ឃុំឈ្វាំង ជ្រៃលាស់ ភ្នំបាត និងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ បើកការដ្ឋានជួសជុលស្តារឡើងវិញ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៥ កន្លងទៅ ។
លោក តុង សុីវមី ប្រធានគណបក្សស្រុក បានប្រាប់ឲ្យដឹងថា ដោយពិនិត្យពីសភាពទ្រុឌទ្រោមរបស់ផ្លូវមួយខ្សែនេះ និងការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ លោករដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុក បានសម្រេចឲ្យក្រុមការងារធ្វើការជួសជុលផ្លូវនេះឡើងវិញ ដោយក្រាលគ្រួសក្រហម ។
លោកប្រធានគណបក្សស្រុកបានបន្តថា ផ្លូវនេះរាជរដ្ឋាភិបាល បានធ្វើការសាងសង់ និងចាក់កៅស៊ូរួចម្តងមកហើយ កាលពីឆ្នាំ ២០០០ កន្លងទៅ តែដោយផ្លូវេនះមានចរាចរមមាញឹក និងមានការដឹកជញ្ជូនច្រើន បានធ្វើឲ្យផ្លូវនេះ រងនូវការខូចខាតជាបណ្តើរ ។ ចំពោះបញ្ហានេះ សាលាខេត្តកណ្តាល ក៏បានចុះសិក្សា ដើម្បីធ្វើការស្តារឡើងវិញដែរ ។ ប៉ុន្តែដោយយោងទៅលើស្ថានភាពជាក់ស្តែង និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបលោករដ្ឋមន្ត្រី ចាត់ឲ្យក្រុមការងារធ្វើការជួសជុលឡើងវិញ ។
លោក តុង សុីវមី បន្តថា តាមការគ្រោងទុកការជួសជុលផ្លូវនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១៥ខាងមុខ ៕