ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រាជោកជាំបានរេចង្កូតទៅបុកនឹងឃឿនផ្លូវ ហើយខ្ទាតបោកជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវរងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅមុខនិងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា .ព្រឹទ្ឋសភា និងអធិការកិច្ច (ច្រកចូលទៅកោះពេជ្រ)កែងនិងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ ទន្លែបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមសាក្សីដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺពួកគាត់បានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Y.6993 ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ជិះរេចង្កូតពេញផ្លូវក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុក៏បុកជាមួយនិងឃឿនផ្លូវហើយខ្ទាតបោកជាមួយនិងបង្គោលភ្លើងដោយខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្ដូកស្ដិងនៅនិងកន្លែង ដោយមិនបង្កឲ្យមានការប៉ះពាល់សម្បត្តិសារធារណះនោះទេ។
ក្រោយពេលកើតហេតុជនរងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូរងការខូចខាតត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕
ដោយ៖ ស រស្មី