ភ្នំពេញ៖ យ៉ាងណាស់មនុស្សប្រុសស្រី៤នាក់ត្រូវបានកម្លាំងល្បាតប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើឃាត់ខ្លួនកាលពីវេលាម៉ោង៦ល្លាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចលើផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីរក្សាទុកសារធាតុ ញៀនចំនួន៤១កញ្ចប់សំរាប់ចែកចាយ និងប្រើប្រាស់។
ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ រុន ស្រីរត្ន័ ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ(ជួញដូររក្សាទុកគ្រឿងញៀន៤១កញ្ចប់)។ ទី២/ឈ្មោះ នួន សេរីកុសល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ។ ទី៣/ឈ្មោះ ហ៊ួ វីរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរត្រាក់ទ័រ ស្នាក់ នៅការដ្ឋានសំណង់ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងទី៤/ឈ្មោះ ផន សុភាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ(អ្នកទាំង៣ជាអ្នកទិញ)។
លោកនាយប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើបានប្រាប់ឲ្យដឹងថា មុនពេលសមត្ថកិច្ចយើងចាប់ ឃាត់ជនសង្ស័យ៤នាក់ខាងលើនេះ គឺកម្លាំងល្បាតរបស់ប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើចេញល្បាត ក្នុងមូលដ្ឋានដូចសព្វដងដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ លុះមកដល់ចំណុចផ្លូវ៦០ម៉ែត្រក៏ បានប្រទះឃើញយុវជន៣នាក់ជិះម៉ូតូ១គ្រឿងគួរឲ្យសង្ស័យក៏ឃាត់ឲ្យឈប់ធ្វើការត្រួតពិនិត្យនៅ ពេលដែលកម្លាំងយើងត្រួតពិនិត្យពួកគេក៏បានទម្លាក់គ្រឿងញៀនទៅលើដី ពេលនោះយើងក៏រើស មកមើលក៏ឃើញមានថ្នាំញៀន៣កញ្ចប់តូច ហើយឃាត់ខ្លួនមកស្នាក់ការប៉ុសិ៍្តសួរនាំ។
លោកនាយនគរបាលប៉ុសិ៍្តរដ្ឋបាលដដែលបន្តថា ក្រោយពីយើងសួរនាំទៅពួកគេក៏បានសារភាពថាពួកគេបានទិញថ្នាំញៀននេះពីឈ្មោះ គូ សុខរ៉ុម និងប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន។ ដោយ ទទួលបានចម្លើយសារភាពនេះភ្លាមកម្លាំងយើងក៏បានបន្តចុះទៅធ្វើការស្រាវជ្រាវហើយក៏បានធ្វើ ការឃាត់ខ្លួនស្ត្រីឈ្មោះ រុន ស្រីរ័ត្ន និងបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន៤១កញ្ចប់តូច រីឯប្តី ឈ្មោះ គូ សុខរ៉ុម ដឹងខ្លួនទាន់ក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាព ហើយសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលក៏បាន កសាងសំណុំរឿងរួមនឹងវត្ថុតាងមានថ្នាំញៀនចំនួន៤៤កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកសេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BH-5679 បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមាន ជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ តាឡឹម