សមត្ថកិច្ចបញ្ជូនជនជាតិវៀតណាមចំនួន៨នាក់កាប់ឈើនៅតំបន់បម្រុងទុករបស់រដ្ឋទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនជាតិវៀតណាមចំនួន៨នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃ  សុក្រ ១១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ខែមករាឆ្នាំ២០១៨នេះបន្ទាប់ពីកម្លាំងចម្រុះចុះការឃាត់ខ្លួនតាំងពីព្រឹកថ្ងៃពុធ៩រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨
ត្រង់ចំណុចភូមិសាស្ត្រឃុំក្រង់តេះស្រុកពេជ្រាដានៅក្បែរដែនជម្រកសត្វព្រៃស្រែពកហើយត្រូវជំនាញរដ្ឋបាលព្រៃឈើនាំទៅសួរនាំ។

ការឃាត់ខ្លួននោះព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរីដឹកនាំកម្លាំងចម្រុះចុះឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីក្រោយពីសមត្ថកិច្ចឃាត់ខ្លួនពីបទធ្វើសកម្មភាពកាប់នឹងឈូសឆាយព្រៃឈើខុសច្បាប់នៅក្បែរដែនជម្រកសត្វព្រៃស្រែពកក្នុងភូមិសាស្ត្រឃុំក្រង់តេះ ស្រុកពេជ្រាដា ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថាអស់រយៈពេលជាច្រើនថ្ងៃមកហើយ គេបានឃើញមានក្រុមជនជាតិវៀតណាមជាច្រើននាក់ប្រើប្រាស់គ្រឿងចក្រធំៗចំនួនបីគ្រឿងឈូសឆាយដីព្រៃនឹងកាប់រំលំដើមឈើរាប់ពាន់ដើមគរទុកក្នុងព្រៃជិតអូរផ្លាយក្នុងភូមិ​សាស្ត្រខាង​លើ ដែលស្ថិតនៅក្នុងតំបន់ដីព្រៃបម្រុងអចិន្ត្រៃយ៍របស់រដ្ឋបាលព្រៃឈើ ។

ប្រភពបន្តថាជនជាតិវៀតណាមដែលបានធ្វើសកម្មភាពកាប់ផ្តួលដើមឈើរាប់ពាន់ដើមនោះបានប្រើប្រាស់គ្រឿងចក្រដែលមានបិទ​ស្លាករបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប(DSG) ។

សមត្ថកិច្ចចុះទៅដល់ទីតាំងនោះក៏បានប្រទះឃើញគំនរឈើធំៗចំនួន៧កន្លែងដែលមានឈើប្រមាណជិតមួយពាន់ដើមដែលគេកាត់គល់កាត់ចុងរាយប៉ាយពេញព្រៃ។

មជ្ឈដ្ឋានបានធ្វើការរិៈគន់ថាសកម្មភាពរបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប ដែលបានជួលជនជាតិវៀតណាមឲ្យកាប់រំលំដើមឈើក្នុងតំបន់បម្រុងទុកបែបនេះ គឺបានធ្វើឲ្យប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរជាពិសេសបានបំផ្លាញដល់​ជម្រកសត្វព្រៃរាប់រយប្រភេទដែលកំពុងអាស្រ័យជីវិតក្នុងព្រៃមួយនេះ។

មជ្ឈដ្ឋានរិៈគន់បន្តថាសកម្មភាពក្រុមហ៊ុនដួងស្រួចដែលបាននឹងកំពុងធ្វើនោះ គឺមិនបានប្រមូលផលអនុផលព្រៃឈើទៅតាមច្បាប់ដែលបានកំណត់នោះទេ គឺប្រើបប្រាស់គ្រឿងចក្រធនធ្ងន់ឈូសឆាយផ្តួលរំលំដើមឈើតែម្ត។

ព្រោះបើយោងទៅតាមលិខិតរបស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានសរសេរក្នុងរបាយការណ៏ក្នុងកិច្ចប្រជុំមួយដែលមានសមាភាពចូលរួមដូចជាតំណាងរដ្ឋបាលសាលាខត្ត មន្ទីរអង្គភាពជំនាញរួមមានមន្ទីរបរិស្ថានខណ្ឌរដ្ឋបាលព្រៃឈើផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ អាជ្ញាធរស្រុក អាជ្ញាធរ​ឃុំ នឹងតំណាងក្រុមហ៊ុន ដួងស្រួចដាក់ជូនគណៈអភិបាលខេត្តមណ្ឌលគិរី។

មានចំនុចដែលត្រូវអនុវត្តន៏ដូចជាក្រុមហ៊ុនដួងស្រួចត្រូវអនុវត្តន៏សាកល្បងក្នុងការប្រមូលផលអនុផលព្រៃឈើនៅក្នុងឃុំចំនួនពីរគឺឃុំស្រែអំពូមនិងឃុំក្រង់តេះ។ មិនត្រូវឲ្យមានប៉ះពាល់ជាមួយប្រជាពលរដ្ឋប៉ះពាល់ដីព្រៃតមព្រៃអារក្សនឹងចំណីអូរ។

ក្រុមហ៊ុនត្រូវអនុវត្តន៍តែក្នុងរង្វង់ទីតាំងដែលបានស្នើរសុំធ្វើការសាកល្បង ប្រសិនបើធ្វើក្រៅពីទីតាំងនេាះក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

យោងតាមសម្តីរបស់លោក ប៊ុន លី នាយសង្កាត់រដ្ឋបាលព្រៃឈើក្រង់តេះបាននិយាយប្រាប់ក្រុមអ្នកព័ត៌មានថា ក្រុមហ៊ុនដួងស្រួចបានឈូសឆាយដីព្រៃខុសទីតាំងដែលបានកំណត់ក្នុងឯកសារថែមទាំងធ្វើឲ្យមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋដែលមានប្លង់ត្រឹមត្រូវទៀតផង។

លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យក៏បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ មករា២០១៨ថានៅពេលនេះជនជាតិវៀតណាមទាំង៨នាក់សមត្ថកិច្ចឃុំខ្លួនរង់ចាំក្រុមហ៊ុនយកឯកសារពាក់ព័ន្ឋមកផ្ទៀងផ្ទាត់។

លោកនាយផ្នែ​កបន្តថា ក្រុមហ៊ុនធ្វើខុសបច្ចេកទេសយ៉ាងណានោះត្រូវចាំមើលរបាយការណ៏ដែលខេត្តបានប្រជុំនាពេលកន្ល​ង​មក។

លោកកែវសុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីខាងលើនេះលោកមិនដឹងថាក្រុមហ៊ុនមានច្បាប់កម្រិតណានោះទេ។

តែដោយផ្អែកលើជំនាញរបស់លោកត្រូវតែឃាត់ព្រោះបើតាមលោកដឹង សកម្មភាពក្រុមហ៊ុនខាងលើគឺផ្ទុយពីច្បាប់ច្រើនជាងត្រូវច្បាប់។

ករណីខាងលើនេះលោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏បានសម្តែងការងឿឆ្ងល់ចំពោះការចេញច្បាប់អនុញ្ញាតរបស់ក្រសួងនឹងខេត្តដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនដួង ស្រួចអាចធ្វើសកម្មភាពកាប់ឈើក្នុងតំបន់ដែលសម្បូរជីវចម្រុះបែបនេះ។

លោកបានស្នើរចំពោះក្រសួងពាក់ព័ន្ឋគួរសិក្សារឲ្យបានស៊ីជម្រៅលើតំបន់ដែលចេញច្បាប់អនុញ្ញាតឲ្យមានការប្រមូលផលអនុផលព្រៃឈើជៀសវាងប៉ះពាល់លើបញ្ហានានាដែលនាំឲ្យពិបាកដោះស្រាយគោលនយោបាយនាពេលក្រោយ។

ឯលោក សុខ សេរ៉ា នាយយករងសាលាខេត្តបានឲ្យដឹងថា «ក្រុមហ៊ុនខាងលើនោះពិតជាមានច្បាប់ដីសម្បទានសង្គមកិច្ចពិតប្រាកដមែនតែការឈូសឆាយរបស់ក្រុមហ៊ុនត្រឹមត្រូវតាមទីតាំងរឺមិនត្រឹមត្រូវខ្ញុំមិនដឹងទេតែជនជាតិវៀតណាមមកធ្វើការនោះស្របច្បាប់រឺមិនស្របច្បាប់នោះជារឿងរបស់ក្រុមហ៊ុន»។

លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរីបានឱ្យដឹងថាយើងនៅមិនទាន់មានវិធានការយ៉ាងណានោះទេចំពោះពួកគេទាំង៨នាក់ដោយនៅពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនឹងយកឯកសារនានាមកផ្ទៀងផ្ទាត់ថាតើសកម្មភាពរបស់ក្រុមជនទាំងនោះខុសច្បាប់បែបណា។

លោកបញ្ជាក់ដែរថា ចំពោះទីតាំងតំបន់កាប់ឈើនោះប្រសិនបើមានការអភិវឌ្ឍន៏បន្ថែមនឹងអាចក្លាយទៅជាតំបន់អេកូទេសចរណ៏ដ៏ទាក់ទាញ ព្រោះទីតាំងនោះមានទឹកអូរទឹកធ្លាក់រួមនឹងសម្រស់ព្រៃព្រឹក្សាដ៏ល្អឯកថែមទាំងសម្បូរសត្វស្លាបជាច្រើនប្រភេទទៀតផង។

តំណាងក្រុមហ៊ុន ដួង ស្រួច គ្រុប ឈ្មោះ ធី បាននិយាយយ៉ាងខ្លីនៅព្រឹកថ្ងៃទី១១មករា២០១៨ថានៅពេលនេះគេកំពុងធ្វើការផ្ទៀងផ្ទាត់លើផែនទីថាតើការកាប់ឈួសឆាយនោះក្នុងទីតាំងបានកំណត់ឬអត់៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print