ព្រលានយន្តហោះថ្មីនឹងត្រូវសាងសង់នៅតាខ្មៅនិងស្រុកកណ្តាលស្ទឹង តម្លៃ១.៥០០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតអនុញ្ញាតឲ្យបង្កើតក្រុមហ៊ុនថ្មីមួយរវាងក្រុមហ៊ុនឯកជនក្នុងស្រុករបស់លោកឧកញ៉ា ពុង ឃាវសែ និងរដ្ឋាភិបាល ដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅក្រុងតាខ្មៅ និងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលលើទំហំ ដី២.៦០០ហិកតា ដោយមានទុនវិនិយោគសរុប១.៥០០លានដុល្លារអាមេរិក ។

លិខិតអនុញ្ញាតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះចុះហត្ថលេខាដោយលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋ មន្ត្រីចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ហើយ ត្រូវបានគេចែកផ្សាយនៅថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។

ក្នុងលិខិតជម្រាបជូនទេសរដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលបានលើកឡើងពីកម្មវត្ថុ ស្តីពីករណីស្នើសុំគោលការណ៍អនុញ្ញាត បង្កើតក្រុមហ៊ុន “ខេមបូឌា អ៊ែរផត អុិន ថេសមិន ខូលអិលធីឌី (Cambodia Airport Investment Co., Ltd )” ជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ នឹងឯកជន ( PPP ) ។

ការអនុញ្ញាតឲ្យក្រុមហ៊ុនថ្មីសាងសង់ព្រលានយន្តហោះនេះធ្វើឡើងដោយយោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

លិខិតដដែលបានបញ្ជាក់ថា រាជរដ្ឋា ភិបាលឯកភាពលើការបង្កើតក្រុមហ៊ុន “ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អុិនវេសមិន ខូលអិលធីឌី ( Cambodia Airport Investment Co., Ltd ) ក្នុងគោលបំណងអភិវឌ្ឍន៍ សាងសង់អាកាសយានដ្ឋានអន្តរជាតិ លំដាប់ថ្នាក់4Fដែលមានទីតាំងស្ថិតនៅ ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើទំហំដីចំនួន២.៦០០ហិកតានិងទុនវិនិយោគសរុប១.៥០០លានដុល្លារអាមេរិក។

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ទុនវិនិយោគដើម្បីសាងសង់ព្រលានយន្តហោះថ្មី១.៥០០លានដុល្លារអាមេរិកនេះ បានមកពីកម្ចីធនាគារបរទេស១.១០០ លានដុល្លារអាមេរិក កម្ចីពីភាគទុនOCIC ២៨០លានដុល្លារអាមេរិក និងដើមទុនចុះ បញ្ជី១២០លានដុល្លារអាមេរិក។ ក្នុងនោះ ក្រុមហ៊ុនOCICមាន៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលតំណាងរាជរដ្ឋាភិបាលកម្ពុជាមាន១០ភាគរយ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print