វិភាគអន្តរជាតិ៖ ខកចិត្តចំពោះអឺរ៉ុបពលរដ្ឋអ៊ុយក្រែនច្រើនលាននាក់ទៅកាន់រុស្ស៊ី

ចែករំលែក៖

រុស្ស៊ីគឺជាប្រទេសដើមរបស់ក្រុមជនជាតិអ៊ុយក្រែន នៅមុនសម័យសង្គ្រាមត្រជាក់ (សហភាពសូវៀត) ក្រោយមកក៏ត្រូវបែកបាក់ទៅជាប្រទេសតូចៗ ។នៅពេលនេះ ពលរដ្ឋអ៊ុយក្រែនមិនមែន ៤១លាននាក់ ដូចកាលពីមុនឡើយ ដោយសារតែមាន ពលរដ្ឋដល់ទៅ៨លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីវិបត្តិអ៊ុយក្រែនកើតឡើងនៅឆ្នាំ២០១៤។

ចំណុចទាំងនោះហើយដែលធ្វើឲ្យរុស្ស៊ីមិនអាចបោះបង់ ពលរដ្ឋអ៊ុយក្រែន បានក៏លូកដៃចូលទៅក្នុងវិបត្តិទាំងនោះបើទោះបីត្រូវប្រឈមនឹងទណ្ឌកម្មពីអឺរ៉ុបក្តី។ កន្លងមករុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀតាមការចង់បានរបស់ពលរដ្ឋនៅទីនោះជាង ៩០ភាគរយដែលបានបោះឆ្នោតឲ្យដាក់ បញ្ចូលតំបន់ស្វ័យក្រោមការគ្រប់គ្រងរបស់ រុស្ស៊ី។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានគាំទ្រដល់ពលរដ្ឋនៅក្នុងតំបន់ភាគខាងកើត ដែលបានតវា៉ ទាមទារផ្តាច់ខ្លួន ធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ហើយពលរដ្ឋអ៊ុយក្រែនកាន់តែភៀសខ្លួនទៅកាន់រុស្ស៊ីច្រើនឡើងៗ។

ក្រោយការដាក់បញ្ចូលតំបន់គ្រីមៀ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានធ្វើ ឲ្យទីក្រុងមូស្គូរងការចោទប្រកាន់ថាបាន រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់នៅទីនោះ។

នៅក្នុងរបាយការណ៍ចេញផ្សាយជាសាធារណៈនាពេលកន្លងមកបង្ហញឲ្យឃើញថា អង្គការសហប្រជាជាតិបានសន្និដ្ឋានថា រុស្ស៊ី បានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយ គឺការរំលោភសិទ្ធិមនុស្សនៅតំបន់គ្រីមៀ។ សកម្មភាពរំលោភសិទ្ធិមនុស្សទាំងនោះមានជាអាទិ៍ ការចាប់ខ្លួន ឃុំឃាំងមនុស្សដោយគ្មានឆ្លងកាត់តុលាការ ឬក៏បង្ខំពលរដ្ឋគ្រីមៀ ឱ្យកាន់សញ្ជាតិរុស្ស៊ី ជាដើម។ល។

“រុស្ស៊ីបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបានប្រើអំណាចចាប់ខ្លួនមនុស្ស ចាប់ឃុំឃាំង ធ្វើឱ្យមានការបាត់ខ្លួន ធ្វើបាប ធ្វើទារុណកម្ម និងយ៉ាងហោចណាស់បានប្រហារជីវិតមនុស្សម្នាក់ ដោយមិនឆ្លងកាត់ តុលាការ”។ នេះបើតាមការសរសេររៀប រាប់លម្អិត នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ជាងនេះទៀត បើតាម របាយការណ៍ ជនជាប់ឃុំឃាំង មួយចំនួន ដែលចាប់ខ្លួនបាននៅគ្រីមៀ ត្រូវបញ្ជូនទៅ ពន្ធនាគាររុស្ស៊ី។ ទង្វើបែបនេះ ខុសនិង ផ្ទុយស្រឡះអំពីច្បាប់អន្តរជាតិ។

រុស្ស៊ី បានក្រសោបយកទឹកដីគ្រីមៀ ដែលជារបស់អ៊ុយក្រែន ទៅគ្រប់គ្រង កាលពីខែមីនាឆ្នាំ២០១៤។ ប្រជាពល រដ្ឋរស់នៅក្នុងតំបន់នេះ ត្រូវក្លាយជាទៅ ជនជាតិរុស្ស៊ីទាំងអស់ លើកលែងតែជនណាដែលបានសរសេរលិខិតជាលាយ លក្ខណ៍អក្សរសុំប្រឆាំងតែប៉ុណ្ណោះ។

“បង្ខំពលរដ្ឋរស់នៅក្នុងដែនដីអាណានិគម ឱ្យកាន់សញ្ជាតិរុស្ស៊ី ស្មើនឹងបង្ខំពួកគេឱ្យទទួលស្គាល់និងគាំទ្ររដ្ឋអំណាចដែលគេប្រឆាំង ! សកម្មភាពនេះ ត្រូវបានហាមឃាត់ដោយសន្ធិសញ្ញាក្រុងហ្សឺណែវ” ! នេះជាការគូសបញ្ជាក់របស់ឧត្តមស្នងការការពារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Zeid Ra’ad al Hussein។

គិតត្រឹមខែឧសភា ឆ្នាំ២០១៥ មាន ពលរដ្ឋគ្រីមៀ ប្រមាណ១០ម៉ឺននាក់ ពោលគឺស្មើនឹង៤%នៃប្រជាជនសរុបប៉ុណ្ណោះ ដែលគ្មានសញ្ជាតិរុស្ស៊ី។ នេះបើតាមតួលេខផ្តល់ដោយអ្នកទទួលខុសត្រូវរុស្ស៊ី ដែល អង្គការសហប្រជាជាតិទទួលបាន។

របាយការណ៍ដដែលនេះបានលម្អិត បន្ថែមទៀតថា ក្រុមសកម្មជនអ្នកប្រឆាំង នឹងប្រជាមតិប្រគល់គ្រីមៀ បានក្លាយជា ផ្ទាំងស៊ីបនៃការចាប់ចង ក្រោមហេតុផល អនុវត្តច្បាប់ប្រឆាំងនឹងភេរវកម្ម ប្រឆាំងនឹង ជនជ្រុលនិយម និងក្រុមផ្តាច់ទឹកដីនិយម។ ជនខ្លះ ត្រូវបានអាជ្ញាធរចាប់បង្ខំទៅដាក់ ក្នុងមន្ទីរពេទ្យឆ្កួត។ ការសិក្សាជាភាសា អ៊ុយក្រែន ស្ទើរតែរលុបបាត់ ស្ថាប័នសភា តំណាងក្រុមជនជាតិដើម Tatarsនៅគ្រីមៀ ក៏ត្រូវមូស្គូហាមឃាត់។

ពាក់ព័ន្ធនឹងភាពតានតឹងនៅអ៊ុយក្រែននេះ បារាំង និងអាល្លឺម៉ង់ បានហៅឲ្យភាគី ទាំងអស់ ត្រលប់មកគោរពកិច្ចព្រមព្រៀងឈប់បាញ់ ជាបន្ទាន់។ប្រមុខរដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ បានចេញសេចក្តី អំពាវនាវរួមគ្នា ហៅឲ្យភាគីពាក់ព័ន្ធទាំង អស់ ក្នុងវិបត្តិនៅភាគខាងកើតអ៊ុយក្រែន ឲ្យគោរពកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបាន និងចាប់ផ្តើមអនុវត្តផែនការបន្ទាប់ទៅទៀត នៃកិច្ចព្រមព្រៀងសន្តិភាព ដែល បានចុះហត្ថលេខា នៅទីក្រុងមីនសក៍។ បារាំងនិងអាល្លឺម៉ង់ ដែលបានផ្តួចផ្តើមកិច្ចព្រមព្រៀងសន្តិភាពនេះ បានរំលឹកថា វាជាជម្រើសតែមួយគត់ ដើម្បីបិទបញ្ចប់ ទុក្ខវេទនារបស់ប្រជាជន ហើយភាគី ទាំងអស់ ត្រូវតែទទួលខុសត្រូវរៀងៗខ្លួន ដើម្បីសម្រេចវាឲ្យបាន។

យោងតាមលិខិតផ្លូវការមួយ ចេញ ដោយវិមានប្រធានាធិបតីបារាំង លោក ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង និងលោកស្រី អេងហ្គេឡា មែរគែល បាន អំពាវនាវរួមគ្នា ឲ្យភាគីក្នុងជម្លោះអ៊ុយក្រែន ចាប់ផ្តើមនាំគ្នាគោរព និងអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍។ មេដឹកនាំទាំងពីរ បានអំពាវនាវថា ភាគីពាក់ព័ន្ធ ត្រូវតែ អនុវត្តកាតព្វកិច្ច និងទទួលខុសត្រូវ រៀងៗខ្លួនឲ្យបានឆាប់ជាទីបំផុត។

លោកម៉ាក្រុង និងលោកស្រី មែរគែល បានអំពាវនាវ ជាអាទិ៍ ឲ្យភាគីអ៊ុយក្រែន ទាំងសងខាង ចាប់ផ្តើម អនុវត្តឲ្យឆាប់ជា ទីបំផុត នូវគម្រោងដោះលែងចំណាប់ខ្មាំង ប្រមាណ៣៨០នាក់ ដែលបានព្រមព្រៀង គ្នារួចហើយ។ បន្ថែមពីនេះ បារាំង និង អាល្លឺម៉ង់ ក៏អំពាវនាវ ឲ្យភាគីទាំងសងខាង បន្តចរចាគ្នា ដើម្បីដោះលែងចំណាប់ខ្មាំងផ្សេងទៀត ហើយក៏ត្រូវបើកផ្លូវ សម្រួល អន្តរាគមន៍របស់អង្គការកាកបាទក្រហម។

ក្រៅពីនេះ បារាំង និងអាល្លឺម៉ង់ ក៏បាន អំពាវនាវឲ្យ ក្រុមការងាររុស្ស៊ី ត្រលប់ មកចូលរួមធ្វើការវិញ នៅក្នុងមជ្ឈមណ្ឌល សហប្រតិបត្តិការ ត្រួតពិនិត្យ និងសម្រប សម្រួលស្ថានការណ៍ នៅភាគខាងកើត អ៊ុយក្រែន (JCCC)។ ក្រុមការងាររុស្ស៊ីនេះ មានតួនាទីសំខាន់ណាស់ ក្នុងការជួយ ជ្រោមជ្រែង តាមដានការគោរពកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងអង្គការ OCDE។

ដោយសង្កត់ធ្ងន់ទៅលើគោលការណ៍ នៃការគោរពបូរណភាពដែនដីអ៊ុយក្រែន មិនឲ្យពុះច្រៀកជាបំណែក ប្រមុខរដ្ឋា ភិបាលបារាំង និងអាល្លឺម៉ង់ បានរំលឹក ម្តងទៀត កាលពីថ្ងៃសោរ៍ទី២៣ ធ្នូថា ដំណោះស្រាយវិបត្តិតាមផ្លូវសន្តិភាព គឺជា ជម្រើសតែមួយគត់។ ស្របពេលនេះដែរ កាលពីសប្តាហ៍មុន សហភាពអឺរ៉ុប ទើបបានសម្រេចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើរុស្ស៊ី រយៈពេល៦ខែទៀត។

ដោយឡែក កាលពីថ្ងៃសុក្រកន្លង ទៅនេះ រដ្ឋាភិបាលអាមេរិក ទើបតែបាន សម្រេច ប្រគល់អាវុធ និងជំនួយយោធា ទៅឲ្យទាហានរដ្ឋាភិបាលអ៊ុយក្រែន។ ទង្វើ នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អះអាងថា គឺជាសកម្មភាពពន្យុះ ​ ឲ្យកងទ័ពរដ្ឋាភិបាលអ៊ុយក្រែនបានចិត្ត មានកម្លាំងប្រយុទ្ធ ធ្វើបាបប្រជាជននៅ ភាគខាងកើតកាន់តែខ្លាំង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print