ខេត្តត្បូងឃ្មុំ ៖ មជ្ឈមណ្ឌលឥស្លាម”អាត់តាវហេត”ចំណាយទឹកប្រាក់៣០ម៉ឺនដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ហើយ នាពេលថ្មីៗនេះ ក្រោមជំនួយពីប្រទេសគូវែត នៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ដែលជាមជ្ឈមណ្ឌលទី៣១របស់សមាគមប្រភពល្អកម្ពុជា ។
ជាមួយគ្នានេះ ក៏មានការបើកការដ្ឋានសាងសង់សាលារៀនមួយខ្នងទៀតដែរ ដែលចំណាយថវិការជិត៣ម៊ឺនដុល្លារ ស្ថិតនៅភូមិថ្មី ឃុំពពែល ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។
លោក សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជា និងជាទីប្រឹក្សាសម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិនថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបើកឱកាសទូលាយ និង ផ្ដល់សិទ្ធិសេរីភាពពេញលេញ ដល់សាសនិកឥស្លាមកម្ពុជា និង ថែមទាំងជួយគាំទ្រចំពោះគម្រោងជំនួយនានាពីសប្បុរសជនឥស្លាមនៅបរទេសដែលជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដល់បណ្ដាអង្គការសមាគមនានានៅកម្ពុជា ។
លោក បញ្ជាក់ថា បើគ្មានថ្ងៃ៧មករាទេ យើងក៏គ្មានថ្ងៃនេះដែរ អីចឹងការជួយរំដោះពីសម្ដេចតេជោ និង សហការី ពិតជាមានគុណធំធេងណាស់ ដែលបានស្រោចស្រង់ជាតិ រំដោះប្រជាជនពីរបបអាវខ្មៅ ។
មជ្ឈមណ្ឌលនេះ ជាជំនួយពីប្រទេសគូវែត ហើយជារឿយៗ ប្រទេសគូវែត តែងតែយកចិត្តទុកដាក់ដល់កម្ពុជាណាស់ ពិសេសគឺសំដៅទៅលើជំនួយផ្នែកហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសិក្សាជំនាញផ្សេងៗ ខណៈគូវែត ជាអ្នកផ្គត់ផ្គង់ដល់ការចំណាយយ៉ាងសន្ធឹកសន្ធាប់ ក្នុងគោលដៅ ដើម្បីឱ្យកម្ពុជា មានធនធានមនុស្សល្អៗ មានសមត្ថភាព ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចំរើនទៅមុខជាលំដាប់ ។
កម្មវិធីនេះដែរ កិមានការចែកអំណោយ ជាថវិកានិង គ្រឿងឧបភោគបរិភោគដល់ពលរដ្ឋជាង៣០០នាក់ផងដែរ ។
គួរបញ្ចាក់ថា សមាគមប្រភពល្អ បង្កើតឡើងតាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ ដោយសមិទ្ធផលនានាត្រូវបានបង្កើតឡើងរួមមាន មជ្ឈមណ្ឌលឥស្លាមចំនួន ៣១កន្លែង វិហារមានចំនួន ១១៧កន្លែង អណ្ដូងទឹក និង បង្គន់អនាម័យ ចំនួន ២៨២កន្លែង មន្ទីរពេទ្យ មិត្តភាពកម្ពុជា_គូវែត ការផ្ដល់ជំនួយនាខែបួសរ៉ម៉ាឌន និង បុណ្យ ហាជ្ជ ការផ្ដល់ជំនួយពេលរងគ្រោះដោយធម្មជាតិ និង ពេលមានជម្ងឺ និង ជំនួយផ្សេងៗទៀតជាច្រើន ៕ចេស្តា