ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ក្នុងចំណោមបក្ខពួក៣០នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនៅខណ្ឌដង្កោ កាលពីបីថ្ងៃមុន ហើយក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ចុះស្រាវជ្រាវដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោរហូតឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ទី១ឈ្មោះ រុំ ចន្ថា ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ ទី២ឈ្មោះ សុខ ឆាយ ភេទប្រុស អាយុ២០ឆ្នាំ ទី៣ឈ្មោះ សុខ សករ៉ា ហៅ ទី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៣នាក់ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ទី៤ឈ្មោះ ពេជ្រ ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបុរី ប៊ុន ហួរ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី៥ឈ្មោះ សាន បញ្ញា ហៅ ពាច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះនៅក្នុងករណីនេះមានឈ្មោះ ពូន ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាត់បង់ម៉ូតូ ១គ្រឿង ម៉ាក Scoopy សេរីឆ្នាំ២០១៥ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-1837 ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បន្តឲ្យដឹងថា កាលពីវេលាម៉ោង២ និង៤៥ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះ និងមិត្តភក្រ័ ២នាក់ ទៀត បានជិះម៉ូតូ ចំនួន ២គ្រឿង ទី១ ម៉ាក ម៉ូតូ ១គ្រឿង ម៉ាក Scoopy សេរីឆ្នាំ២០១៥ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-1837 (ម៉ូតូជនរងគ្រោះ ) និងទី២ ម៉ាក សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6081 ត្រឡប់មកពីរាំលេងកំសាន្តនៅក្នុងក្លឹប វ៉ាវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំក្បែរបន្ទាយ ង៧០ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លុះធ្វើដំណើរមកដល់ចំណុចខាងមុខក្លោងទ្វារវត្តអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជួបនិងក្រុមជនសង្ស័យមានបក្ខពួកប្រហែល៣០នាក់ ជិះម៉ូតូប្រហែល២០គ្រឿង ប្រដាប់ដោយកាំបិត ដាវ ដុំថ្ម និងខ្សែក្រវាត់ ដេញវាយកាប់ចាក់ក្រុមជនរងគ្រោះ រហូតដល់ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ដោយឃើញស្ថានភាពបែបនេះ ជនរងគ្រោះបានផ្តួលម៉ូតូទុកចោលរត់គេចខ្លួន ចូលក្នុងភូមិព្រមទាំងស្រែកថា ចោរៗ ដើម្បីឲ្យប្រជាពលរដ្ឋចេញជួយអន្តរាគមន៍ គ្រាមានអាសន្នបែបនេះក្រុមជនសង្ស័យបានស្រវ៉ាលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូក្រុមជនសង្ស័យ១គ្រឿង ម៉ាក និច ពណ៍ស គ្មានស្លាកលេខ នៅកន្លែងកើតហេតុ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បន្តទៀតឲ្យដឹងថា ក្រោយពីកើតហេតុជនរងគ្រោះបានតេទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក ចុះដល់កន្លែងកើតហេតុ នាំជនរងគ្រោះ និងវត្ថុតាងមកកាន់ទីស្នាក់ប៉ុស្តិ៍ ដោយសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ជាបន្តបន្ទាប់ រួមទាំងម៉ូតូ ចំនួន ២គ្រឿងបន្ថែមទៀត គឺ ម៉ាក សេ១២៥ និងម៉ាក សេ១១០ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ