ខេត្តកំពង់ចាម ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដៃកាន់ឧបករណ៍ឆក់ត្រី កាល ពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចបឹងកក់ស្ថិតក្នុងភូមិទី១២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះឌុល ស្រឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់ នៅភូមិទី១២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ ចុះ ដល់កន្លែងកើតហេតុដើម្បីពិនិត្យរកមូលហេតុ ។
ក្នុងការចូលរួមកោសលវិច័យពិនិត្យរួមមាន ជំនាញគ្រូពេទ្យ មេភូមិ និងផ្អែកតាមការពិនិត្យ លើសពឃើញថា ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ ,ផ្នែកក ពុំមានស្លាកស្នាមអ្វីទេ , ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ ។ ដូច្នេះតាមការពិនិត្យ និងតាមការបំភ្លឺរបស់គ្រួសារសពបានឲ្យដឹងថា ពេលចុះទៅដល់ឃើញជនរងគ្រោះស្លាប់ដោយដៃកាន់ឧបករណ៍ឆក់ត្រី ។
តាមការសន្និដ្ឋានពីក្រុមគ្រូពេទ្យជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើង (ឧបករណ៍ឆក់ត្រី) ពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយការពិនិត្យសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ