ភ្នំពេញ៖លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតឱ្យអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលជួបលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង នោះទេ។
លោក គី ឬទ្ធី អះអាងថា”ដោយសារសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការស៊ើបសួរនិងស្រាវជ្រាវប្រមូលភស្តុតាងនានា ហេតុនេះ ការចូលជួបឬសួរសុខទុក្ខ ឱ្យបានតែមេធាវីនិងក្រុមគ្រួសារជនត្រូវចោទដែលមិនទាក់ទងក្នុងសំណុំរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឱ្យបានក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនរួចរាល់សិន”។
លិខិតលោកម៉ៅ មុនីវណ្ណ បញ្ជាក់ថា រូបលោក រួមទាំង អតីតតំណាងរាស្ត្រ៤រូបទៀត មានលោកអ៊ូ ច័ន្ទរ័ត្ន លោកជាម ចន្នី លោកកង គឹមហាក់ និងលោកស្រី តែ ច័ន្ទមុនី រួមទាំងសហការី ១០រូបទៀត បានស្នើសុំការអនុញ្ញាត ដើម្បីចូលជួបសួរសុខ ទុក្ខលោកកឹម សុខា នៅព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០១៨ ខាងមុខ។
ជាការកត់សម្គាល់ ការស្នើសុំចូលជួបសួរសុខទុក្ខលោកកឹម សុខា ពេលនេះ ធ្វើឡើងបន្ទាប់ពី មានតម្រុយពីភាពប្រេះស្រាំផ្ទៃក្នុង នៃក្រុមអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកសម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិដោយមិនឆ្លងយោបល់ពីលោក កឹម សុខា៕ចេស្តា