មហាជន​ប្រតិកម្ម​១៨០អង្សាសេ​ ដែល​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដោះលែង​មេធាវី​ អ៊ិត​ ពិសិដ្ឋ​រង្សី​

ចែករំលែក៖

ភ្នំពេញ ​៖ យើង​គ្រាន់​តែ​ក្រឡេក​មើល​ហ្វេសប៊ុក​ នឹង​ឃើញ​ព័ត៌មាន​ព្រោងព្រាត​ដែល​ចុះ​ផ្សាយ​ពី​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដោះលែង​មេធាវី​ អ៊ិត​ ពិសិដ្ឋ​រង្សី​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។ ការដោះលែង​នេះ​ ទទួល​បាន​ការ​ប្រតិកម្ម​រិះគន់​ ស្ទង់​​កម្តៅ​ឡើង​ដល់១៨០អង្សាសេ​ ឯណោះ​ ។

ហ្វេសប៊ុក​មួយ​ឈ្មោះ​ Sovannrith Tep​ សរសេរ​ថា​”បទល្មើសធ្ងន់ធ្ងរប៉ុណ្ណឹងហើយនៅចេញពីគុកបានទៀត សូមសរសើរអស់ពីចិត្តលោកតុលាការ”។ មួយ​ទៀត​ សរសេរ​ថា”វាក្លាយទៅជារឿងធម្មតាទៅហើយបង យុត្តិធម៌​ត្រូវបានដាក់ថ្លឹងគីឡូលក់ ដូចសាច់ជ្រូក សាច់គោ នៅតាមផ្សារអញ្ចឹង”។

នៅមាន​ជា​ច្រើន​ទៀត​ដែល​សរសេរ​ថា”ពួកគេខ្លះបានទាយថាចាំមើលតើជាប់បានប៉ុន្មានថ្ងៃលែងចេញវិញហើយឥឡូវមែនដូចគេថាមិនខុសមែន រឿងបាញ់បោះបង្ករបួសគឺរឿងធម្មតាទៅហើយ”​ ។ អ្នក​ខ្លះ​សរសេរ​ថា”ខ្ញុំគិតហើយជាប់មិនយូរទេឱ្យតែមានលុយ​គំនិតគួរពិចារណា​  លុយមិនអាចទិញអ្វីគ្រប់យ៉ាងបានទេ​ តែលុយអាចបញ្ជាទេវតាបាន”។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ មេធាវី​ អ៊ិត​ ពិសិដ្ឋ​រង្សី​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​ការ​សុំ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ រួច​បាន​ប្តឹង​បន្ត​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទើប​ត្រូវ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដោះលែង​ឱ្យ​នៅ​ក្រៅ​តែ​ម្ដង​។

ដោយឡែក​មន្ត្រី​ពន្ធនាគារ​ប៉េហ្ស៊ី​ ឱ្យ​ដឹងថា​ មេធាវី​ អ៊ិត​ ពិសិដ្ឋ​រង្ស៊ី​ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ ខែមករា​ ។

លោក អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ បង្គាប់ឱ្យយកទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានភាពទម្ងន់ទោស។

សូមបញ្ជាក់ថា កាលពីវេលម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មេធាវី អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបាញ់បោះចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅតាមផ្លូវលេខ២១១ កែងផ្លូវ​លេខ២១៧ ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានចេញពីហូបការ រួចជិះរថយន្តរបស់ខ្លួនម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 តែម្នាក់ឯង មកផឹកបន្តជាមួយមិត្តភក្តិ នៅចំណុចកើតហេតុ ផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែពួកគេមានជម្លោះជាមួយគ្នា ហើយជនសង្ស័យបានទៅយកកាំភ្លើងនៅក្នុងរថយន្ត មកបាញ់ជនរងគ្រោះឈ្មោះ លី តុលា អាយុ២២ឆ្នាំ បណ្តាលឲ្យរងរបួសជើង និងបាញ់ឡើងលើមួយគ្រាប់។ បន្ទាប់មកជនសង្ស័យក៏បានយកកាំភ្លើង ទៅភ្ជង់ក្បាលជនរងគ្រោះម្នាក់ឈ្មោះ ខុន បញ្ចាសិទ្ធិ អាយុ២០ឆ្នាំ នាំឲ្យភ័យឡើងព្រលឹងចុងសក់។

ដោយឡែកតាមព័ត៌មាន ដែលភ្នាក់ងារព័ត៌មាន បានទទួលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើងលោកមេធាវីបង្ក និងជនរងគ្រោះទាំង២នាក់ជាមនុស្សស្គាល់គ្នា ហើយបានញ៉ាំការជាមួយគ្នា នៅយប់កើតហេតុ។ តែពេលហូបការរួច ជនបង្កចេញមកមុន ហើយបានទូរស័ព្ទហៅជនរងគ្រោះទៅទទួលទានបន្ត នៅហាងទារខ្វៃនៅជិតផ្ទះអគ្គស្នងការនគរបាលជាតិ ស្ថិតនៅតាមផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែមានទំនាស់ក៏បាញ់តែម្តង។ ក្រោយបាញ់ជនរងគ្រោះហើយ ស្រាប់តែលោកមេធាវី បានប្រើពាក្យសំដីថា «ហ្អែង កុំចេះប្រយ័ត្ន​អញបាញ់ងាប់»៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print