ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មអឹម(M) លោក សន វិជ្ជបុត្រ បានប្រកាសប្រគល់ប្រាក់ប្រមាណ៥ពាន់ដុល្លារ ដែលបានពីការលក់ស៊ីឌីផលិតកុនលើកដំបូងរបស់ខ្លួន ជួយដល់សកម្មភាពសង្គម ពិសេសគឺការជួយសាលារៀនមួយនៅខេត្តក្រចេះ។ លោកប្រកាសយកលុយដែលបានពីការលក់រឿងដែលខ្លួនបានផលិតក្នុងជំហានបន្តបន្ទាប់ជួយដល់សង្គមថែមទៀត ដោយប្រកាសមិនយកសូម្បីមួយភាគរយពីការប្រមូលលុយបានដាក់ចូលហោប៉ៅ បើទោះបីជាការផលិតកុននេះស្ថិតក្រោមការចំណាយរបស់លោកផ្ទាល់អស់ជាង១ម៉ឺនដុល្លារក្តី ។
ការបញ្ជាក់អំពីជំហការចូលរួមចំណែកជួយសង្គមជាថ្មីម្តងទៀតនេះ ត្រូវបានធ្វើឡើងក្រោយពីលុយចំនួន៥ពាន់ដុល្លារដំបូងរបស់លោកដែលបានមកពីការលក់ស៊ីឌីរឿង”ឈាមស្រែកស្បែកហៅ”នៅក្រៅប្រទេសត្រូវបានមកដល់ដៃតារាចម្រៀងរូបនេះ។ ថ្លែងបញ្ជាក់ក្នុងគ្រាចាំទទួលលុយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ លោក សន វិជ្ជបុត្របញ្ជាក់ថា លោកនឹងយកលុយ១០០ភាគរយដែលបានពីការលក់ឌីសរឿងនេះ ជួយក្នុងសកម្មភាពសប្បុរសសុទ្ធសាធនៅក្នុងប្រទេសកម្ពុជា ពិសេសការជួយជួសជុលសាលារៀនបឋមសិក្សាមួយនាខេត្តក្រចេះដែលចាស់ទ្រុឌទ្រោម ។ តារាចម្រៀងកុងត្រារបស់ផលិតកម្មអឹម និងជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែងផងនោះបានថ្លែងប្រាប់ថា លោកបានចំណាយប្រាក់ជាង១ម៉ឺនដុល្លារក្នុងការផលិតកុនមួយរឿងយូរក្រែលមកហើយ ដោយបានផលិតចេញជាឌីសហើយយកទៅលក់នៅលើទីផ្សារអាមេរិក និងប្រទេសពីរផ្សេងទៀតដែលមានប្រជាជនខ្មែររស់នៅប្រមាណកន្លះឆ្នាំមុន។
កញ្ញា ថាច់ ផល្លា ដែលជាតួឯកស្រីក្នុងរឿងនិងជាអ្នកទទួលលក់ឌីសនៅទីផ្សារអាមេរិកបាននាំយកប្រាក់ចំណូលជំហានដំបូងចំនួន៤ពាន់ដុល្លារនិងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់នាងបន្ថែមចំនួន១ពាន់ដុល្លារពីលើ ដើម្បីឲ្យលោក សន វិជ្ជបុត្រ យកលុយនោះមកបំពេញក្នុងសកម្មភាពសង្គម ។ ជាអាណិកជននៅអាមេរិក និងជាតារាសម្ដែងរូបនេះក៏ បានប្រគល់ថវិកាជំហានដំបូងពីការលក់រឿងឲ្យលោកនៅបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយលោកសន វិជ្ជបុត្រ បានប្រកាសយកប្រាក់ចំនួន៥ពាន់ដុល្លារនេះទៅកសាងអគារសិក្សានៅសាលាបឋមសិក្សាទួលទ្រាំងក្នុងខេត្តក្រចេះ ដែលរងការខ្វះខាត។
លោកសន វិជ្ជបុត្រនិយាយថា ខ្សែភាពយន្តដែលោកផលិតមាសាច់រឿង និងស្ដង់ដារផលិតគឺល្អ សូម្បីតែរោងកុនក្នុងស្រុកក៏គាត់ថាទទួលយកបានដែរ ប៉ុន្តែមកពីរឿងយើងអត់មានតារាល្បីសម្ដែង ហើយតម្លៃនៃការជួលរោងភាពយន្តមានតម្លៃថ្លៃទើបលោកសុខចិត្តធ្វើជាស៊ីឌីលក់វិញ។ ទោះជាយ៉ាងណាលោកមានការសោកស្ដាយផងដែរ ដែលខាងរោងកុនក្នុងស្រុកមិនបានបញ្ចាំង ធ្វើឲ្យការប្រមូលលុយរបស់លោកដែលជាផលិតករនិងតារាដែលស្ម័គ្រចិត្តជួយសង្គមដូចគ្នា មិនទទួលបានថវិកាច្រើន។
លោកនិយាយថា នៅទីផ្សារអាមេរិកក៏មិនសូវលក់ដាច់ដែរ ដោយសារតែយើងអត់មានការផ្សព្វផ្សាយនិងអត់មានតួល្បីទាក់ទាញ ប៉ុន្តែខ្ញុំនៅតែមើលឃើញឌីសដែលបានដាក់លក់ នឹងនៅបានលុយច្រើនទៀត ជាក់ស្ដែងនៅបារាំងនិងអូស្ត្រាលី ដែលយើងយកទៅលក់ដូចគ្នាគឺមិនទាន់បានបូកសរុបលុយនៅឡើយទេ។ លោក សន វិជ្ជបុត្រ ប្រកាសថានេះមិនមែនជាលើកទី១នោះទេ ដ្បិតពេលកន្លងមក លោកក៏បានចែករំលែកថវិកាពីការរកបានរបស់ខ្លួន ទៅជួយដល់សិល្បករទុរគតនិងក្រុមក្មេងកំព្រាដើម្បីជួយសង្គមផងដែរ។ លោកក៏មានគម្រោងមួយផ្សេងទៀតគឺលោកនឹងប្រកាសយកប្រាក់ពីការឡើងច្រៀង១០០ភាគរយ ពីការងារច្រៀងតាមកម្មវិធីប្រគុំតន្ត្រីជួយដល់ការងារសង្គមផងដែរ។
កញ្ញា ថាច់ ផល្លា ដែលជាតួសម្ដែងក្នុងរឿងនេះ បានអះអាងថវិកាលក់ឌីសចំនួន៤ពាន់ដុល្លារនេះ គ្រាន់តែជាការប្រមូលបានពីទីផ្សារអាមេរិកក្នុងជំហានទី១ប៉ុណ្ណោះ។ ក្នុងពេលបន្តបន្ទាប់ នាងនឹងប្រមូលថវិកាពីការលក់ឌីសយកមកឲ្យលោកសន វិជ្ជបុត្របន្ថែមទៀត ដើម្បីរួមគ្នាជាមួយតារាចម្រៀងរូបនេះ ឲ្យបានបំពេញបានសកម្មភាពជួយសាងសង់សាលានិងជួយទុរគតជននៅកម្ពុជា។ កញ្ញានឹងចុះសកម្មភាពសប្បុរសធម៌ជាមួយលោក សន វិជ្ជបុត្រ ក្នុងរយៈពេល៦សប្ដាហ៍ដែលស្នាក់នៅកម្ពុជាក្នុងដំណើរចុះមកលេងស្រុកលើកនេះហើយនាងពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សង្គមបើទោះបីជានាងធំធាត់នៅអាមេរិកជាង២០ឆ្នាំក្តី៕
ដោយ៖ វឌ្ឍនា