ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ៖ប្រសិនបើកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវរ៉ូវគ្នាវិញនោះ នឹងបំផ្លាញផែនការនយោបាយ ឆ្ពោះមកកាន់តំបន់អាស៊ី ដើម្បីគ្រប់គ្រងឥទ្ធិពលរបស់ចិន។
អាមេរិកមិនមានហេតុផលណាមួយដើម្បីបញ្ជូនកម្លាំងយោធានិងអាវុធទំនើបៗមកកាន់អាសុី ប្រសិនបើគ្មាន កូរ៉េខាងជើងនោះ ។ ការប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង គឺជាឱកាសដើម្បីអាមេរិកសម្រេចគោលដៅ។
ចំណុចទាំងនោះហើយ បានជាអាមេរិក មិនអនុញ្ញាត្តិឲ្យកូរ៉េខាងត្បូងនិងកូរ៉េខាងជើងផ្សះផ្សា ឬបង្រួបង្រួមគ្នានោះឡើយ។ កន្លងមកសភាទីក្រុងសេអ៊ូលបានស្នើរដល់អាមេរិកឲ្យខ្លួនដំណើរការនីតិវិធី ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកូរ៉េខាងជើង ប៉ុន្តែសំណើរនោះត្រូវបានទីក្រុងវ៉ាស៊ីនតោនទាត់ចោល។ មិនតែប៉ុណ្ណោះអាមេរិក បែជាបង្កើតទណ្ឌកម្មថ្មីមួយទៀត ប្រឆាំង នឹងអង្គភាព ព្រមទាំង បុគ្គល ជាច្រើននាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនិង បរមាណូ មីស៊ីលកូរ៉េខាងជើង។
ចំណុចទាំងនោះហើយបានជា ក្រុមអ្នកវិភាគលើកឡើងថា «ឈ្មួញសង្គ្រាម » គឺមិនចង់ឲ្យតំបន់ ឬពិភពលោកមានសន្តិភាពនោះឡើយ គឺតែងតែជម្រុញឲ្យមានភាពតានតឹង ដុតកម្តៅជារឿងរហូត ។ នៅពេលដែលពិភពលោកកាន់តែតានតឹង អាមេរិកកាន់តែទទួលបានផលប្រយោជន៍ ។
កាលពីមុនស្ថានភាពនៅឧប្បទ្វីបកូរ៉េ ក៏មិនតានតឹង ខ្លាំង ដូច្នេះដែរ ដោយសារតែពេលនោះ អាមេរិក កំពុងតែជម្រុញឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង ដោយញ៉ុះញង ហ្វីលីពីន ដែលមានវិវាទ ជាមួយចិន ឲ្យប្រឈមមុខជាមួយចិន ប៉ុន្តែហ្វីលីពីនមិនដើរតាមអាមេរិក បែជាទៅផ្សះផ្សាជាមួយចិន បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដោយទទួលបាន កិច្ចព្រមព្រៀងសេដ្ឋកិច្ចជាច្រើន ធ្វើឲ្យខកបំណងយ៉ាងខ្លាំង ។ ចំណុចទាំងនោះហើយអាមេរិក បែមកវាយប្រហារហ្វីលីពីនវិញ ថាបានរំលោភសិទ្ធមនុស្សនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ។ ចំណែកចិនបានគាំទ្រដល់សង្គ្រាមប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឌូទើរទេ មិនតែប៉ុណ្ណោះក៏បានផ្តល់អាវុធជាច្រើនឲ្យហ្វីលីពីនទៅទៀត។
ដោយឃើញថាមិនអាចបញ្ឆេះតំបន់ផ្សេង ឲ្យមានភាពតានតឹងបាន អាមេរិកមានតែរក្សា នឹងដុតកម្តៅឲ្យមានភាពតានតឹងនៅឧប្បទ្វីបកូរ៉េ។ នៅពេលនេះកូរ៉េខាងជើង បានរក្សាការស្ងប់ស្ងាត់ តែទីក្រុងវ៉ាស៊ីនតោនចោទថា សម្ងំផលិត មីស៊ីលនិងបរមាណូ។ បើ មានសកម្មភាព អាមេរិកថាគំរាមកំហែង ពិភពលោក។ តើការពិតអាមេរិកចង់បានអ្វី? ក្រុមអ្នកវិភាគលើកឡើងថា អ្វីដែលអាមេរិកចង់បានគឺធ្វើយ៉ាងសកម្មបន្តរក្សាភាពតានតឹង។ ដូចនៅតំបន់មជ្ឈឹមបូព៌ាជាដើម ក្រោយស្ងប់ស្ងាត់ អាមេរិក បញ្ឆេះភ្លើងសង្គ្រាមជាថ្មីដោយទទួលស្គាល់តំបន់ជេរ៉ូសាឡឹម ជារដ្ឋធានីអីស្រាអែល និងស្នើរឲ្យកែប្រែកិច្ចព្រមព្រៀងបរមាណូជាមួយអីរ៉ង់ ។
ពាក់ព័ន្ធនិងកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ០៩ ក្នុងនោះរួមក្រុមហ៊ុនចិនចំនួន ០២ ព្រមទាំងជនជាតិកូរ៉េខាងជើង ១៦នាក់ និងនាវាកូរ៉េខាងជើង ០៦គ្រឿង ផងដែរ។ ដោយឡែកជុំវិញទណ្ឌកម្មថ្មីនេះដែរ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងរតនាគារជាតិអាមេរិក បន្តដាក់ទណ្ឌកម្មជាលក្ខណៈប្រព័ន្ធប្រឆាំងនឹងបុគ្គល និងអង្គភាពកូរ៉េខាងជើង ដែលមានជាប់ពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញវត្ថុ ដល់របបដឹកនាំរបស់ លោក គីម ជុងអ៊ុន និង កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងកូរ៉េខាងជើង។ បន្ថែមពីលើនេះ អ្នករួមគំនិត ឬរំលោភលើទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មថ្មីនេះដែរ។
គួរបញ្ជាក់ថា បើតាមលោក Steven Mnuchin សហរដ្ឋអាមេរិក ក៏មានគោលដៅដាក់ទណ្ឌកម្មផងដែរលើបុគ្គល និងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសចិន និងរុស្ស៊ី ជាពិសេសគឺ អ្នកដែលបានចូលរួមចំណែក ឬក៏ធ្វើការងារក្នុងចេតនាជួយរកប្រាក់ចំណូលឱ្យកូរ៉េខាងជើង តាមរយៈការស្នើឱ្យបណ្ដេញពួកគេចេញពីប្រទេសពួកគេកំពុងស្នាក់នៅ។
ឆន្ទះផ្សះផ្សារបស់កូរ៉េទាំងពីរបានបង្ហាញតាមរយៈ សកម្មភាពស្និតស្នាល់របស់ ប្រធានកុ្រមតារា ចម្រៀងស្រីកូរ៉េខាងជើង ដ៏មានប្រជាប្រិយភាព នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការថ្លែង អំណរគុណដ៏កម្រ ចំពោះមន្ត្រីកូរ៉េខាងត្បូង ក្រោយពីធ្វើដំណើរពិនិត្យ មើលទីកន្លែងសម្រាប់ សម្តែង មុនការប្រកួតកីឡាអូឡាំពិករដូវរងារ២០១៨ នៅប្រទេសកូរ៉េខាងត្បូង។
តារាចម្រៀងកូរ៉េខាងជើង Hyon Song Wol ដែលបានធ្វើដំណើរត្រួតពិនិត្យមើលទីកន្លែងផ្សេងៗ ដើម្បីស្វែងរកទីតាំងដ៏សាកសម សម្រាប់ការសម្តែងរបស់កូរ៉េខាងជើង បាននិយាយថា នាងមានអំណរសាទរជាខ្លាំង ចំពោះការទទួករាក់ទាក់ដ៏កក់ក្តៅរបស់កូរ៉េខាងត្បូង ក្នុងអំឡុងការធ្វើដំណើរមួយរយៈពេលខ្លីរបស់នាង។
ទីភ្នាក់ងារសារព័ត៌មានអាមេរិក UPI បានរាយការណ៍ថា មុនដំណើរទស្សនកិច្ចថ្មីៗនេះ តារាចម្រៀង Hyon Song Wol បានស្នើសុំជំនួយកូរ៉េខាងត្បូង សម្រាប់អ្នកសម្តែងកូរ៉េខាងជើង ហើយនាងក៏បាននិយាយប្រាប់ប្រជាជនកូរ៉េខាងត្បូង ក្នុងទីក្រុង Gangneung ឲ្យមានការសហការគ្នា និងបង្ហាញសញ្ញានៃការសន្យា សម្រាប់ការសម្តែងដ៏ជោគជ័យ។
សកម្មភាពខាងលើគឺដូចអ្វីដែលមេដឹកនាំ កូរ៉េខាងជើងគីមជុងអ៊ុន បានស្នើរដល់ពលរដ្ឋបន្កើនទំនាក់ទំនង និងគ្នាដើម្បីឈានដល់ការបង្រួបង្រួមជាតិ ដោយគ្មានអ្នកទី៣(អាមេរិក)ចូលរួម៕
ដោយ៖ មែវ សាធី