ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី បានចុះបង្ក្រាបទីតាំងលួចលាក់បង្កប់ហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅចំណុចផ្ទះល្វែងគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលេខ៣១BT ក្នុងក្រុមទី៥ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា ដោយទទួលបានដំណឹងពីក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានរាយការណ៍ជូនអាជ្ញាធរថា មានការលួចលាក់លេងហ្គេមបាញ់ត្រីខុសច្បាប់ ទើបនៅរសៀលថ្ងៃខែដដែលនេះ កម្លាំងអាជ្ញាធរចម្រុះ បានចុះធ្វើការបង្ក្រាបជាក់ស្តែងតែម្តងទៅ ។
លោកអភិបាលរងបន្តថាទៀតថា ចំពោះទីតាំងខាងលើនេះអាជ្ញាធរខណ្ឌយើង បានធ្វើការតាមដានជាង១ខែទៅហើយ មុនឈានដល់ការចុះបង្ក្រាប ព្រោះទីតាំងមួយនេះលួចលាក់លេងនៅតែពេលរាត្រីប៉ុណ្ណោះ ពោលគឺលេងចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង៤ទាបភ្លឺទើបបិតអាជីវកម្ម ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះបានប្រាប់អោយដឹងថា ទីតាំងមួយនេះរាល់ពេលយប់ឡើងតែងតែមានការវាយតប់ដំធាក់គ្នាស្ទើររាល់ថ្ងៃពីសំណាក់ក្រុមក្មេងស្ទាវដែលចេញពីទីតាំងហ្គេមបាញ់ត្រីខាងលើ ដែលជាហេតុនាំអោយបងប្អូនប្រជាពលរដ្ឋយើងមានការភ័យខ្លាចជាខ្លាំងចំពោះទីតាំងមួយនេះ ។
សូមបញ្ជាក់ថា ក្នុងការចុះបង្ក្រាបទីតាំងខាងលើនេះដែរ អាជ្ញាធរខណ្ឌមានជ័យបានធ្វើការដកហូត កៅអីចំនួន២០ , កុំព្យូទ័រគិតលុយចំនួន១គ្រឿង , កង្ហារមួយគ្រឿង និងទូហ្គេមចំនួន២ទូ ដោយក្នុងនោះមិនបានធ្វើការឃាត់ខ្លួនមនុស្សណាម្នាក់ឡើយ គ្រាន់តែធ្វើការអប់រំដល់ម្ចាស់ទីតាំង រួចធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពនេះទៅថ្ងៃមុនទៀត ។ ដោយឡែកអាជីវកម្មខាងលើ ត្រូវបានផ្អាកបណ្តោះអាសន្នសិន ពោលគឺពិតទ្វាផ្ទះតែម្តង រងចាំស៊ើបអង្គេតបន្ថែមទៀត ។ ទោះជាយ៉ាងណាមិញ វត្ថុតាងដែលត្រូវបានដកហូត ត្រូវបានបញ្ចូនទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ រងចាំថ្ងៃវាយ និងដុតកម្ទេចចោល ដូចសកម្មភាពរាល់ដងដែលអាជ្ញាធរធ្លាប់បានធ្វើ ។
សូមបញ្ជាក់បន្ថែមថា ក្នុងការចុះបង្ក្រាបទីតាំងបាញ់ត្រីខាងលើនេះដែរ ប្រជាពលរដ្ឋដែលរស់នៅស្របតាមបណ្តោយផ្លូវក្បែរនោះ បានសម្តែងនូវភាពសប្បាយរីករាយជាខ្លាំង ដោយពួកគាត់បាននិយាយពីមាត់មួយទៅកាន់មាត់មួយថា ពិតជាអរគុណខ្លាំងណាស់ចំពោះលោកអភិបាលរងខណ្ឌមានជ័យដែលបានដឹកនាំ និងបញ្ជាកម្លាំងផ្ទាល់ចុះមកធ្វើការបង្ក្រាបទីតាំងមួយនេះ ធ្វើអោយបងប្អូនយើងឈប់ខ្វល់ខ្វាយចំពោះហនិភ័យ និង បញ្ហាក្មេងទំនើង ឬសកម្មភាពបងតូចបងធំផ្សេងៗ ដែលភាគច្រើនបង្កឡើងចេញពីទីតាំងខាងលើជាក់ស្តែងតែម្តង នាពេលរាត្រី ។
ឈ្លៀតក្នុងនោះដែរ លោកអភិបាលរងបានបញ្ជាក់ថា រាល់សកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ថ្នាក់សង្កាត់ ខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌ គឺធ្វើឡើងក្នុងគោលដៅមួយសំដៅទៅរកភាពសុខុដុមរម្យនាជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយអាជ្ញាធរយើងនឹងខិតខំប្រឹងប្រែងក្នុងការការពារ ក៏ដូចជាគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច ឱ្យរស់នៅបានប្រកបទៅដោយសន្តិសុខ សុវត្ថិភាព ជានិរន្តទៅថ្ងៃមុខ ៕
...
ដោយ៖ តាឡឹម