ខេត្តបន្ទាយមានជ័យ៖ អ្នកបើករថយន្តរកស៊ីដឹកជញ្ជូនជំនួញឈើខុសច្បាប់ចំនួន២នាក់ ក្នុងនោះម្នាក់ជាមន្ត្រីយោធាពាក់សក្តិ២ និងរថយន្ត២គ្រឿង ១គ្រឿងពាក់ស្លាកលេខ ខ.ម ដឹកផ្ទុកឈើប្រណិតខុសច្បាប់ ត្រូវបានកម្លាំងនគរបាល ស្រុកថ្មពួក ស្រុកស្វាយចេក សហការកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាបចាប់ឃាត់ខ្លួន ហើយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ។
រថយន្តទាំង២គ្រឿងដឹកផ្ទុកឈើប្រភេទធ្នង់ និងឈើត្រាវ និងអ្នកបើកបរ២នាក់ត្រូវបាននគរបាលបង្ក្រាបចាប់ ឃាត់ខ្លួនកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មពួក និងស្រុកស្វាយចេក ខេតបន្ទាយមានជ័យ ។
កម្លាំងនគរបាលដែលបង្ក្រាបការរកស៊ីជំនួញឈើប្រណិតខុសច្បាប់ត្រូវគេមើលឃើញថាធ្វើឡើងដោយអនុវត្តតាមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរវាលខេត្ត និងមានការសម្របសម្រួលនីតិវិធីការងារចុះបង្ក្រាបដោយលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ផងដែរ ។
រថយន្តទាំង២គ្រឿងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមាន ការចូលរួមពីលោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនកណ្តាលប្រឆាំងបទល្មើស និងក្រឡាបញ្ជីតំណាងលោកព្រះរាជអាជ្ញាដោយ ធ្វើការត្រួតពិនិត្យឈើដឹកផ្ទុកក្នុងរថយន្តទាំង២គ្រឿង។ ក្នុងនោះរកឃើញរថយន្តពណ៌ត្រេអ៊ី១បាំងកន្លះពាក់ស្លាកលេខខម២-៥៤៦៣ ដឹកផ្ទុកឈើប្រភេទ ត្រាវចំនួន៤០ដុំប្រវែង២ម៉ែត្រ បើកបរដោយឈ្មោះ មឿន រ៉ាម៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីយោធាពាក់សក្តិ២ អត្តលេខ១០៣៥៦៩ នៅអង្គភាពនៃកងពលតូចអន្តរាគមន៍លេខ៥ ខេត្តសៀមរាប និងសមត្ថកិច្ចរកឃើញសម្ភារៈសម្លៀកបំពាក់យោធាមួយចំនួនទៀត ផងដែរ មិនតែសមត្ថកិច្ចពិនិត្យរកឃើញស្លាកលេខខម ចំនួន៣ ដើម្បីទុកសម្រាប់ដោះដូរបំភ័ន្តភ្នែកសមត្ថកិច្ចសម្រាប់ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ និងរកឃើញវិក័យប័ត្រជាអក្សរថៃតម្លៃទិញឈើចំនួន៣ផងដែរ។ឈើដឹកផ្ទុកតាមរថយន្តស្លាកលេខខមនោះទំនងជាគេដឹកយកទៅលក់នៅប្រទេសថៃ។ នៅពេលនោះសមត្ថកិច្ចក៏បានពិនិត្យរថយន្ត១គ្រឿងទៀតម៉ាកកាមរីពណ៌ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ១៩៨៥ រកឃើញរថយន្តដឹកផ្ទុកប្រភេទឈើធ្នុងចំនួន៤២ដុំ បើកបរដោយឈ្មោះបញ្ញា ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ។
លោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនកណ្តាលប្រឆាំងបទល្មើស ប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្ក្រាបចាប់ឃាត់ខ្លួនដឹកជញ្ជូនជំនួញឈើខុសច្បាប់ខាងលើធ្វើឡើងខណៈដែលកម្លាំងនគរបាលស្រុកថ្មពួកបានដាក់កម្លាំងត្រួតពិនិត្យឆែកឆេររកអាវុធខុសច្បាប់នៅតាមដងផ្លូវ នៅចំណុចភូមិសាស្ត្រស្រុកថ្មពួក ហើយបន្ទាប់មកឃើញរថយន្តទាំង២គ្រឿងបានធ្វើដំណើរជាបន្តបន្ទាប់ គេមិនដឹករថយន្តទាំង២គ្រឿងនោះដឹកផ្ទុកអ្វីនោះទេ។ លុះគេបើកមកដល់ចំណុចត្រួតពិនិត្យរបស់សមត្ថកិច្ច នៅពេលនោះសមត្ថកិច្ចហៅឈប់ ស្រាប់តែរថយន្តទាំង២គ្រឿងបើកបំបុកបារ៉ាស់សមត្ថកិច្ច២កន្លែង ហើយរថយន្តបើកសំដៅ បម្រុងចូលមកខេត្តបន្ទាយមានជ័យ នៅពេលនោះកម្លាំងនគរបាលស្រុកថ្មពួកទំនាក់ទំនងខាងនគរបាលស្រុកស្វាយចេកជួយឃាត់រថយន្តបើករត់គេច ហើយបន្ទាប់មករថយន្តទាំង២គ្រឿងក៏ត្រូវបាននគរបាលនៃស្រុកទាំង២ដេញចាប់បាន និងឃាត់ខ្លួនអ្នកបើករថយន្តទាំង២នាក់បញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តតែម្តង ។
អ្នកបើករថយន្តពាក់ស្លាកលេខខមឈ្មោះមឿន រ៉ាម៉ាន់ ប្រាប់ ឱ្យដឹងថា រូបគេគ្រាន់តែស៊ីឈ្នួលដឹកឈើឱ្យពួរបស់ខ្លួនប៉ុណ្ណោះ ឈើទាំងនោះគេទិញពីស្រុកអន្លង់វែងខេត្តឧត្ថរមានជ័យ បម្រុងដឹកយកទៅទុកកន្លែងកែច្នៃមួយកន្លែងនៅកូនដំរី ក្រុងប៉ោយប៉ែត។ចំណែកអ្នកបើករថយន្តកាមរីវិញឈ្មោះ បញ្ញា ម៉ៅ ប្រាប់ឱ្យដឹងដែរថាឈើធ្នុងទាំងនោះគេទិញពីស្រុកបន្ទាយអំពិលខេត្តឧត្ថរមានជ័យហើយយកមកស្តុកទុកនៅផ្ទះស្ថិតនៅស្រុកថ្មពួក ហើយគេនិយាយថាឈើទាំងនោះទិញសម្រាប់ប្រើប្រាស់ ប៉ុណ្ណោះ ។ ក៏ប៉ុន្តែសមត្ថកិច្ចប្រាប់ឱ្យដឹងថា ឈ្មោះ បញ្ញា ម៉ៅ ជាមុខសញ្ញារកស៊ីដឹកជញ្ជូនឈើខុសច្បាប់។បច្ចុប្បន្នអ្នកបើករថយន្ត ទាំង២នាក់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ ចំណែករថយន្តនិងឈើខាងលើដោយរក្សា ទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនោះសិន ៕
ដោយ៖ សំ វិច្ឆិកា