ឥណ្ឌាជាប្រទេសមហាអំណាច បរមាណូ នៅក្នុងតំបន់អាស៊ី ជាប្រទេសដែលមាន ឥទ្ធិពលលើផ្នែកយោធា លំដាប់ ទី២បន្ទាប់ ពីចិន ពេលនេះក៏បានបង្ហាញពី សមត្ថ ភាពយោធា និងសព្វាវុធទំនើបៗជាច្រើន នៅក្នុងក្បួនព្យុហយាត្រា។
មហាយក្សទីពីរនៅអាស៊ី គឺប្រទេស ឥណ្ឌានាថ្ងៃសុក្រនេះបានបង្ហាញសាច់ដុំ ឲ្យពិភពលោកបានឃើញ ពីឫទ្ធិអំណាច ផ្នែកយោធារបស់ខ្លួន ក្នុងអំឡុងធ្វើព្យុហយាត្រាកងទ័ព នាឱកាសខួបទី ៦៩ នៃថ្ងៃបុណ្យសាធារណរដ្ឋ (Republic Day) នៅក្នុងរដ្ឋធានីញូវដេលី។ នេះបើ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌ មានចិន ស៊ីនហួ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
ព្រឹត្តិការណ៍ដ៏ធំខាងលើ បានចាប់ផ្តើមឡើងនាវេលាព្រឹកថ្ងៃសុក្រនេះ នៅក្រោមការការពារសន្តិសុខដ៏តឹងរ៉ឹងបំផុត ពុំធ្លាប់ មានពីមុនមកនោះឡើយ ដែលរួមមានការ ដាក់ពង្រាយ កងកម្លាំងការពារជិត ៦០,០០០នាក់ ព្រមទាំងកាំភ្លើងប្រឆាំង យន្តហោះ និងក្រុមបាញ់ស៊ីបជាច្រើននាក់ នៅតាមដំបូលអគារពាណិជ្ជកម្មខ្ពស់ៗ តាមបណ្តោយដងវិថី ដែលព្យុហយាត្រា យោធា ប្រព្រឹត្តទៅ នៅចំពោះមុខការគំរាមកំហែងពីអំពើភេរវកម្ម ដែលកាន់តែកើន ឡើងនោះ។
នាឱកាសនោះនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ព្រមទាំងបណ្តាមេដឹកនាំមកពីប្រជាជាតិអាស៊ានទាំង១០ ក៏បានអញ្ជើញចូលរួមជា អធិបតី ក៏ដូចជាទស្សនាពិធីអធិកអធម ដែលមានការការពារមិនឲ្យគ្រាប់កាំភ្លើងបាញ់ធ្លុះផងដែរ។
គួរជម្រាបថា ព្យុហយាត្រានេះបាន បញ្ចប់ទៅ ជាមួយការសម្តែងដ៏អស្ចារ្យ នៅលើផ្ទៃអាកាស ដោយកងយន្តហោះ ចម្បាំង នៃកងទ័ពជើងអាកាសឥណ្ឌាទៀត ផង៕ ម៉ែវ សាធី