ខេត្តកំពត ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពត សហការជាមួយនគរ បាលក្រសួង មហាផ្ទៃបានចុះពិនិត្យ និង បង្ក្រាបទីតាំងផលិតប្រេងក្លែងក្លាយមួយ កន្លែង ដែលលួចលាក់ផលិត និងចែក ចាយតាមទីផ្សារជាយូរមកហើយ ។ ការចុះ បង្ក្រាបទីតាំងនេះបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០១៨ និងសម្របសម្រួលនីតិវិធីដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារង ខេត្តកំពត នៅភូមិឈើទាល ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
មន្ត្រីនគរបាលជំនាញ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលបើកសិប្បកម្មផលិតប្រេង ខាងលើ មានឈ្មោះ អ៊ូច ងុយ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅកន្លែងកើតហេតុ បានរត់គេចខ្លួនបាត់។ ក្រោយពីត្រួតពិនិត្យ កម្លាំងដកហូតបានវត្ថុតាងរួមមាន ដបជ័រ សម្រាប់ច្រកប្រេង២២ដប,កំប៉ុងសម្រាប់ច្រក២៨ជុង ស្មើរនឹង៥៤,២០៨កំប៉ុង, ប្រេងម៉ាស៊ីន ច្រករួចចំនួន៩៥កេស ក្នុងមួយកេស២៤កំប៉ុង, ធុងប្រេងម៉ាកសូគីមិចមានចំនួន១០ពុយ ស្មើនឹង២,២០០លីត្រ, គម្របកំប៉ុង ៣០កេស, ម៉ាកDemex ២០០ដុំ, ម៉ាស៊ីនសម្រាប់វេចខ្ចប់ផលិត ចំនួន១គ្រឿង ម៉ាស៊ីនអ៊ុតរង្វាន់១គ្រឿង។
ក្រោយការដកហូតជំនាញសម្រេចនាំយកវត្ថុតាងទៅរក្សាទុកនៅក្រសួងមហាផ្ទៃ ដើម្បីធ្វើកោសល្យវិច័យប្រគល់ឲ្យគណៈកម្មការក្រសួងដោះស្រាយតាម នីតិវិធី ៕ ហេង នរិន្ទ្រ