ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខរានហាលក្នុងផ្ទះជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះអ៊ន លី អាយុ២៣ឆ្នាំ ជាជាងដែក មានស្រុកកំណើតនៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ មានប្រពន្ធឈ្មោះភាព អាយុ២០ឆ្នាំ បានទៅសម្រាលកូននៅស្រុកកំណើត ។ តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ គេបានឃើញជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយដៃគូរហូតដល់វេលាម៉ោង១១យប់ ទើបចូលទៅដេក ។ ពេលនោះ ជនរងគ្រោះបានចេញទៅដេកនៅរានហាលមុខផ្ទះដូចរាល់ដង ។ លុះ ដល់វេលាភ្លឺមិនឃើញជនរងគ្រោះងើបទៅធ្វើការ ទើបបងប្អូនដែលរស់នៅក្បែរគ្នាដើរទៅដាស់អង្រួនឡើង ស្រាប់តែប្រទះឃើញជនរងគ្រោះមានសភាពរឹងទៅហើយ ដោយមិនដឹងថា ស្លាប់តាំងពីពេលណានោះទេ ។ ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារគាំងបេះដូង ព្រោះគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ៕ វិបុល