នៅពេលនេះដែរប្រធានាធិបតីទួរគី បានអះអាងថា ការបញ្ជូនកម្លាំងទាហានទៅមុខវាយប្រហារ តំបន់ Afrin ក្នុងទឹកដីស៊ីរីដែលមានក្រុមជនជាតិឃើដភាគច្រើនរស់នៅនោះ នឹងមិនមានការ រាថយ ឬបក ថយក្រោយវិញនោះឡើយ។
ការវាយប្រហាររបស់ទួរគីនៅក្នុងតំបន់នោះ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ដែល សុទ្ធសឹងជាពលរដ្ឋស្លូតត្រង់។ សហគមន៍ អន្តរជាតិ ក្នុងនោះមានរុស្ស៊ីជាដើមបានថ្កោលទោសយ៉ាងខ្លាំងដល់ទួរគី ពីសកម្ម ភាព បញ្ជូនទាហានថ្មើរជើងចូលក្នុងទឹកដីស៊ីរី។ កន្លងមកអាមេរិកក៏បានស្នើដល់ ប្រទេសនេះ រក្សាការអត់ធ្មត់ដើម្បីកាត់ បន្ថយការខូចខាតទ្រព្យសម្បត្តិនិងអាយុ ជីវិត។
ប្រធានាធិបតីទួរគី លោក តាយយីព អ៊ែរដូហ្គាន់ បានប្រកាសថា ប្រទេសរបស់លោកនឹងគ្មានថ្ងៃបកក្រោយវិញឡើយ ចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមឧទ្ទាមឃើដ YPG នៅក្នុងតំបន់ Afrin ទឹកដីប្រទេសស៊ីរីនោះ ទោះបីជាមហា អំណាចនានាបានអំពាវនាវឲ្យឈប់ និង រដ្ឋាភិបាលស៊ីរីព្រមានវាយបកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារព័ត៌មានចិន ស៊ីនហួ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ។
លោក អ៊ែរដូហ្គាន់ បានប្រកាសនៅក្នុងពិធីថ្នាក់ជាតិមួយ នារដ្ឋធានីអង់ការ៉ា នៅ ថ្ងៃចន្ទសប្តាហ៍នេះថា «គ្មានការបកត្រឡប់ក្រោយឡើយពីតំបន់ Afrin»។ ប្រធានា ធិបតីរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសទួរគីបាននិយាយជាមួយរុស្ស៊ី និង អាមេរិក មុនខ្លួនធ្វើប្រតិបត្តិការនេះទៅហើយ ប៉ុន្តែយើងមិនអាចបញ្ចុះបញ្ចូល អាមេរិកឲ្យគាំទ្រឡើយ។
គួរបញ្ជាក់ថា កងកម្លាំងទួរគី បានវាយ ដណ្ដើមយកភូមិមួយចំនួន នៅក្នុងតំបន់ភាគពាយ័ព្យប្រទេសស៊ីរី ក្នុងថ្ងៃទីបីនៃការបើកប្រតិបត្តិការយោធា វាយលុកបណ្ដេញក្រុម ឧទ្ទាមឃើដ YPG ចេញពីព្រំដែនទួរគី។ កងកម្លាំងទួរគី អមដោយក្រុមឧទ្ទាមស៊ីរីជាសម្ពន្ធមិត្ត បានវាយដណ្ដើមយកភូមិជា ច្រើនក្នុងតំបន់ Afrin នៅថ្ងៃចន្ទសប្តាហ៍ នេះ។
ទោះបីជាបែបនេះក្តី ពួកឧទ្ទាមឃើដ YPG បានអះអាងថា ខ្លួនដណ្ដើមបានភូមិចំនួនពីរត្រឡប់មកវិញ។ ប្រតិបត្តិការយោ ធានេះកើតមានឡើង បន្ទាប់ពីប្រធានាធិប តីទួរគី លោក Recep Tayyip Erdogan បានព្រមានជាសាធារណៈថា នឹងបោស សម្អាតក្រុមឧទ្ទាមឃើដ YPG ក្រោយពីមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជួយដល់កងកម្លាំង ប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុម ឧទ្ទាមឃើដ YPG បង្កើតកងកម្លាំងព្រំដែនមួយមានគ្នាជាង ៣០,០០០នាក់ នៅតាម បណ្ដោយព្រំដែនទួរគី-ស៊ីរី។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានបដិសេធហើយជំរុញឱ្យទួរគីអត់ធ្មត់ ដើម្បីបញ្ជៀសការបាត់បង់អាយុជីវិតជនស៊ីវិល។ សម្រាប់រដ្ឋាភិបាលទួរគី ក្រុមឧទ្ទាម ឃើដ YPG គឺជាសម្ពន្ធមិត្តរបស់គណបក្សពលករឃើដ PKK ដែលកំពុងតស៊ូប្រយុទ្ធដើម្បីបង្កើតតំបន់ស្វយ័តមួយ នៅភាគ អាគ្នេយ៍ប្រទេសទួរគី អស់រយៈពេលរាប់ ទសវត្សរ៍មកហើយ។ ដោយឡែក បើតាម Anadolu កងកម្លាំងទួរគី បានវាយយក ភូមិដូចជា Shankal, Qorne, Bali និង Adah Manli។
ពាក់ព័ន្ធឹងការស្វែងរកសន្តិភាពនៅក្នុងប្រទេសស៊ីរី អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរ៉េស បានសម្រេចបញ្ជូនប្រេសិតឲ្យទៅចូលរួមនៅក្នុងសមាជដើម្បីសន្តិភាពនៅស៊ីរី ដែល ទីក្រុងមូស្គូ រៀបចំឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅទីក្រុងសុតឈី។ នេះបើតាមអ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍។ ការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយក្រុមប្រឆាំងស៊ីរី បានប្រកាសធ្វើពហិការមិនទៅចូលរួម នៅក្នុងសមាជរៀបចំឡើងដោយទីក្រុង មូស្គូ ដែលជាសម្ពន្ធមិត្តរបស់ប្រធានាធិបតីស៊ីរី លោកបាសាអាល់ អាសាដ។
តបទៅតាមការអញ្ជើញពីរដ្ឋាភិបាល រុស្ស៊ី អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិបានសម្រេចចិត្តបញ្ជូនលោកStaffan Mistrua អន្តរការីសម្រាប់វិបត្តិស៊ីរី ឲ្យទៅ ជាអ្នកតំណាង នៅក្នុងសមាជដើម្បីសន្តិភាពនៅស៊ីរី ដែលក្រុងមូស្គូបានផ្តួចផ្តើមរៀបចំឡើងនៅសប្តាហ៍ក្រោយ នៅទីក្រុងសុត ឈី។ តាមអ្នកនាំពាក្យ Stephane Dujarric លោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រេចបញ្ជូនអ្នកតំណាងទៅចូលរួមនៅក្នុងសមាជ នៅក្នុងក្តីសង្ឃឹមថា សមាជនៅក្រុងសុតឈីនឹងផ្តល់លទ្ធផលជាវិជ្ជមាន ជាវិភាគទានសម្រាប់ជួយចម្រើនបន្ថែមដល់ការចរចាសន្តិភាពដើម្បីស៊ីរី ដែលអង្គការសហប្រជាជាតិបានរៀបចំធ្វើនៅទីក្រុងវីយ៉ែន។
កាលពីថ្ងៃព្រហស្បតិ៍ កិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិដើម្បីស្វែងរកសន្តិភាពនៅស៊ីរីបានបរាជ័យជាលើកទី៩ បន្ទាប់ពីភាគីជម្លោះ គឺរដ្ឋាភិបាលស៊ីរី និង ក្រុមបក្សប្រឆាំងស៊ីរី ដែលនៅខ្វែងគំនិតគ្នាទៅលើជោគវាសនារបស់លោកបាសា អាល់អាសាដ បានគ្រវីក្បាល ដាច់ណាត់ មិនជួបចរចាគ្នាដោយផ្ទាល់នោះទេ។
ផ្ទុយពីជំហររបស់អង្គការសហប្រជាជាតិ ក្រុមបក្សប្រឆាំងស៊ីរីវិញ ដែលជាភាគី ចរចាមួយនៅក្នុងដំណើរស្វែងរកសន្តិភាពនៅស៊ីរី បានប្រកាសនៅព្រលឹមថ្ងៃសៅរ៍ ថា ខ្លួននឹងធ្វើពហិការ មិនទៅចូលរួមនៅក្នុងសមាជដែលរៀបចំដោយរុស្ស៊ី និងដែល គាំទ្រដោយរដ្ឋាភិបាលទួរគីនិងអុីរ៉ង់។ ដើម្បីចូលរួមនៅក្នុងសមាជរៀបចំឡើងដោយទីក្រុងមូស្គូ ក្រុមប្រឆាំងស៊ីរី បានដាក់លក្ខ ខណ្ឌ ទាមទារឲ្យរុស្ស៊ី ត្រូវដាក់សម្ពាធលើ រដ្ឋាភិបាលស៊ីរី ដែលជាសម្ពន្ធមិត្តរបស់ខ្លួន ឲ្យបើកការចរចាសន្តិភាពតាមផ្លូវនយោបាយ ជាជាងប្រើកម្លាំងយោធា ដែលរដ្ឋាភិបាលស៊ីរីកំពុងបន្តធ្វើនៅក្នុងប្រទេសសព្វថ្ងៃនេះ។
នៅមុនការសម្រេចចិត្តចូលរួមរបស់ អង្គការសហប្រជាជាតិ សមាជរៀបចំឡើងដោយក្រុងម៉ូស្គូត្រូវគេសង្ស័យថា នឹងគ្មាន ទម្ងន់អ្វី ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ដោយសារតែគ្មានការចូលរួមពីក្រុមបក្សប្រឆាំងស៊ីរី ក្រុម ប្រទេសលោកខាងលិច និងអង្គការសហ ប្រជាជាតិ ដែលជាភាគីសំខាន់នៅក្នុង ដំណើរការចរចាសន្តិភាពនៅស៊ីរីនោះទេ៕ ម៉ែវ សាធី