ភ្នំពេញ៖ ទើបលេ់ចមុខមាត់មិនបានប៉ុន្មានផងស្រាប់តែពេលនេះ ឡុង លីគ័ង និងពេជ្រ ថៃ ចាប់ផ្តើមចេញកើបលុយបណ្តើរៗហើយ។ ពួកគេចាប់ផ្តើមមានទីផ្សាររួមទាំងតម្លៃខ្លួនឡើងខ្ពស់មិនចាញតារាចាស់ៗប៉ុន្មានទេ។
តារាចម្រៀងវ័យក្មេង ឡុង លីគ័ង និងពេជ្រ ថៃ កំពុងហក់ឡើងទីផ្សារចេញច្រៀងច្រើនបង្គួរក្រោយពីបញ្ចប់កម្មវិធីប្រកួតThe Voice Kid Cambodia រដូវកាលទី១។ ដំណឹងទទួលបានពីក្រុមអ្នកផលិតកម្មវិធីលើកឡើងថាពួកគេទាំងពីរកំពុងតែតំឡើងថ្លៃខ្លួនកាន់តែខ្ពស់ជាងមុនច្រើនស្មើនឹងតារាប្រុសស្រីល្បីឈ្មោះមួយចំនួន។ក្រោយបញ្ចប់ការប្រឡងកម្មវិធី The Voice Kid Cambodia មិនទាន់បានមួយឆ្នាំផងតារាចម្រៀងវ័យក្មេង ឡុង លីគ័ង និងពេជ្រ ថៃ បានបញ្ចេញបទចម្រៀងថ្មីរបស់ពួកគេរៀងៗខ្លួន។ បើទោះបីជាបទចម្រៀងដំបូងរបស់ពួកគេមិនទទួលបានការគាំទ្រខ្លាំងក្តីក៏ ប្រជាប្រិយភាពរបស់ពួកគេហាក់ឡើងខ្ពស់ខ្លាំងរហូតកម្មវិធីប្រគំតន្ត្រីជាច្រើនទាក់ទងហៅច្រៀងជាហូរហែរ។ ប្រភពពីអ្នករៀបចំកម្មវិធីបានបញ្ជាក់ថា សម្រាប់នៅភ្នំពេញ តារាចម្រៀងឡុង លីគ័ងអាចមានតម្លៃចាប់ពី៨០០ទៅ១ដុល្លារអាមេរិក ស្របពេលដែលតារាចម្រៀងពេជ្រ ថៃឡើងដល់ពី១ពាន់ទៅ១២០០ដុល្លារអាមេរិកក្នុងមួយកម្មវិធីដែលមានចាប់ពី៤ទៅ៥បទ។ ប្រភពដដែលបញ្ជាក់ដែរថា តម្លៃខ្លួនរបស់តារាចម្រៀងវ័យក្មេងនេះប្រហាក់ប្រហែលនឹងតារាចម្រៀងកម្រិតCដែលអ្នកខ្លះបានប្រឹងប្រែងច្រៀងជិត១០ឆ្នាំទើបបានតម្លៃខ្លួនខ្ពស់។
ទោះជាយ៉ាងណានេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ សម្រាប់តម្លៃខ្លួនតារាចម្រៀងវ័យក្មេងទាំងពីរអាចឡើងឬចុះអាស្រ័យលើការព្យាយាមនិងស្វែងរកអ្វីថ្មី បូករួមទាំងការផ្តល់ឱកាសលើកមុខមាត់ពីផលិតកម្ម៕
ដោយ វឌ្ឍនា