ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានធ្វើការត្អូញត្អែររឿងផ្លូវលិចលង់ដោយសារតែភ្លៀងមួយមេ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ។ ស្ទើរគ្រប់ផ្លូវក្នុងទីក្រុងដែលមានការអភិវឌ្ឍខ្លាំងមួយនេះ ពោរពេញទៅដោយទឹកដែលមានជម្រៅជ្រៅៗ ។ លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវរងនូវការលិចលង់រហូតដល់ត្រឹមចង្កេះឯណោះ។
នេះជាវិញ្ញាសាថ្មីមួយទៀតរបស់អាជ្ញាធរក្រុងព្រះសីហនុ ដែលត្រូវប្រឈមហើយនឹងត្រូវដោះស្រាយនាពេលខាងមុខ។ បើគ្រាន់តែភ្លៀងតូចមួយមេនៅរដូវប្រាំង ត្រូវប្រឈមនឹងការលិចលង់បែបនេះទៅហើយ តើនៅរដូវវស្សាវានឹងត្រូវលិចលង់ដល់កម្រិតណា។ ទាំងនេះ ដោយសារតែមានបញ្ហាជាច្រើន ដែលក្នុងនោះបញ្ហាប្រព័ន្ធលូ និងប្រឡាយធំៗ ត្រូវបានរួមតួច និងមួយចំណែកទៀត ដោយសារតែសំរាមកកស្ទះពេញមាត់លូ ។
បើតាមប្រជាពលរដ្ឋបាននិយាយថា ភ្លៀងកក់ខែមួយមេកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានធ្វើអោយតំបន់ភូមិដ្ឋានអូរ៥ ម្តុំសាលារៀនបច្ចេកទេស ដុនបូស្ក រងការជន់លិចមិនគួរអោយជឿ។ ការជន់លិចនេះបណ្តាលមកពីក្រុមហ៊ុនចិនធ្វើរបងបិទផ្លូវទឹក និងលុបអូររំដោះទឹក ជំនួសវិញដោយលូប្រអប់គ្របពីលើ។ នៅតំបន់នេះ ប្រឡាយសម្រាប់រំដោះទឹកមួយចំនួនត្រូវបានចាក់បំពេញដោយការរំលោភយកពីអ្នកមានអំណាច និងមាន លុយ ។ ហេតុដូច្នេះហើយធ្វើឲ្យប្រឡាយបង្ហូរទឹកត្រូវរួមតួច។
ពលរដ្ឋបន្តថា កន្លងមកអូរនេះមានមាត់អូរប្រមាណជាង១០ម៉ែត្រ ពេលភ្លៀងម្តងៗមិនដែលស្ទះទេ ប៉ុន្តែក្រោយពីមានការសាងសង់របាំងដាក់លូទើបធ្វើឲ្យលូរួមតូចនៅសល់ផ្ទៃអូរ ប្រមាណតែ៥ទៅ៦ម៉ែត្រ បង្កឲ្យស្ទះចរន្តទឹកហូរ បែបនេះតែម្តង។ គេមើលឃើញថា បញ្ហាដែលដើរទៅមុខហើយ ពិបាកថយក្រោយខ្លាំងណាស់។ មានន័យថា ប្រឡាយដែលបានរួមតួចទៅហើយ រីឯសំណង់ក៏បានរឹងមាំហើយដែរ ដូច្នេះបើត្រូវពង្រីកប្រឡាយឲ្យដូចដើមវិញនោះ គឺជាការលំបាកខ្លាំងណាស់។
ជុំវិញបញ្ហានេះលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា លោកនឹងអោយមន្ត្រីក្រោម ឪវាទចុះទៅពិនិត្យ ថាតើកាលិចលង់ផ្ទះប្រជាពលរដ្ឋនេះបណ្តាលមកពីស្ទះលូ ឬ មកពីកត្តាអ្វីនៅពីមុខលូនេះ៕ ឆ្លាម សមុទ្រ