ភ្នំពេញ៖លោក សឹង បញ្ញាវុឌ្ឈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ប្រកាសសាលដីកា បដិសេធការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ចំពោះបុរសជនជាតិអូស្រ្តាលីម្នាក់ ដែលស៊ើបការណ៍ព័ត៌មានពីកម្ពុជាបញ្ជូនឱ្យបរទេសដោយខុសច្បាប់ ដោយសំអាងថា សំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបសួរ មិនអាចអនុញ្ញាតឱ្យនៅក្រៅឃុំបាននទេ។
បុរសជនជាតិអូស្រ្តាលីរូបនេះឈ្មោះ Jame Ricketson អាយុ៦៨ឆ្នាំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ”ប្រមូលផ្តុំព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ អំពើទទួលឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ តាមមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា បុរសជនជាតិអូស្រ្តាលីរូបនេះ បានបង្ហោះកាមេរ៉ាថតផ្តិតយករូបភាព(ដ្រូន)ពីលើអាកាស កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឃាត់ខ្លួន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ជនជាតិអូស្រ្តាលី បានលួចចូលមកកម្ពុជាវិញក្នុងឆ្នាំ២០១៥ ដោយការស្នាក់នៅមិនពិតប្រាកដ ដើរបង្ហោះកាមេរ៉ាដ្រូនថតរូបពីលើអាកាស ផ្តិតយកពីសកម្មភាពថ្ងៃត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលសាលារាជធានីភ្នំពេញហាមឃាត់៕