មន្ត្រីបានលើកឡើងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ថា យន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាមេរិកបានហោះហើរទៅស្ទាក់យន្តហោះចម្បាំងប្រទេសរុស្ស៊ី២គ្រឿង បន្ទាប់ពីមានការហោះហើរចូលកៀកនាវាផ្ទុកយន្តហោះរបស់អាមេរិកដែលកំពុងឈរជើង និងប្រតិបត្តិការនៅឧបទ្វីបកូរ៉េ ។
លោក Josh Earnest អ្នកនាំពាក្យសេតវិមានបានថ្លែងថា នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan ដែលចូលរួមប្រតិបត្តិការសមយុទ្ធយោធារួមជាមួយដៃគូកម្លាំងយោធាប្រទេសកូរ៉េខាងត្បូងនោះត្រូវយន្តហោះចម្បាំងរុស្ស៊ី២គ្រឿងប្រភេទ Tu-142 Bear ហោះកាត់ពីលើនាវាផ្ទុកយន្តហោះនេះ ។
លោក Earnest បន្តថា យន្តហោះចម្បាំងរុស្ស៊ីទាំងនេះត្រូវស្ទាក់កាត់ដោយយន្តហោះចម្បាំងកម្លាំងយោធាកូរ៉េខាងត្បូងដែលប្រតិបត្តិការនៅក្នុងតំបន់ ។ យន្តហោះចម្បាំងអាមេរិក F/A-18s បួនគ្រឿងត្រូវប្រតិបត្តិការចល័តភ្លាមៗនោះផងដែរ ។
លោក Earnest បានចាត់ទុកឧប្បត្តិហេតុកើតឡើងនៅសមុទ្រជប៉ុន (សមុទ្រខាងកើត)នោះថា មិនមែនជាសកម្មភាព គំរាមកំហែងនោះ ដោយលោកបញ្ជាក់ថា នាវាផ្ទុកយន្តហោះ USS Ronald Reagan កំពុងធ្វើប្រតិបត្តិការនៅលើដែនសមុទ្រអន្តរជាតិអំឡុងពេលនោះ ។ នេះមិនមែនជាស្ថានការដែលបណ្តាលមកពីការប្រឈមមុខនោះទេ ។
លោក Captain Jeff Davis អ្នកនាំពាក្យមន្ទីរបង់តាហ្គូនបានថ្លែងថា យន្តហោះចម្បាំងរុស្ស៊ី Tu-142 Bear ទាំងពីរគ្រឿងបានហោះហើរចម្ងាយមួយម៉ៃពីនាវាផ្ទុកយន្តហោះ ។ លោកបញ្ជាក់ថា គ្មានភស្តុតាងនោះទេ ដែលថា យន្តហោះចម្បាំងរុស្ស៊ីបង្កការគំហែងកំហែងដោយផ្ទាល់ណាមួយនោះ ។ យន្តហោះចម្បាំងប្រភេទ Tu-142 Bears ជាប្រភេទយន្តហោះល្បាត និងជាយន្តហោះប្រឆាំងនាវាមុជទឹក ។
លោកបន្តថា យន្តហោះចម្បាំងអាមេរិក F/A-18 បួនគ្រឿងបានហោះហើរទៅស្ទាក់ និងបណ្តេញយន្តហោះចម្បាំងរុស្ស៊ីនោះឲ្យចាកចេញទៅឆ្ងាយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត